ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២៨ កញ្ញានេះ បានប្រកាសថា នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង នៅខេត្តព្រៃវែង រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង(ចុងប៉ម) ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
បើតាមសេចក្តីជូនដំណឺងរបស់រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ថា ដើម្បីអបអរសាទរពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានចូលមកដល់នាពេលខាងមុខ រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង(ចុងប៉ម) ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង នេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់តាំងពីបុរាណកាលមក ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលចិត្ត និងស្រឡាញ់វិស័យកីឡាប្រណាំងទូក ង នេះ ។ ជាមួយនេះ ព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័ណ៌បង្ហាញផលិតផល ម្ហូបអាហារ សម្ភារៈប្រើប្រាស់ និងការប្រគុំតន្ត្រីសម័យ៕