បាងកក៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទនេះ បានចេញការព្រមានបន្ទាន់ពីហានិភ័យនៃជំងឺ និងគ្រោះថ្នាក់ចំនួន ៨ ប្រភេទ ដែលអាចរីករាលដាលខ្លាំងអំឡុងពេលទឹកជំនន់។ លោកវេជ្ជបណ្ឌិត Sakan Bunnag អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្ត្រថៃ បានបញ្ជាក់ថា ការប៉ះពាល់ទឹកស្អុយ និងបរិស្ថានខ្វះអនាម័យ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ គ្រោះថ្នាក់ទាំង ៨ ប្រភេទនោះរួមមាន៖ ជំងឺផ្លូវដង្ហើម (ផ្តាសាយ កូវីដ-១៩ រលាកសួត), ជំងឺផ្លូវអាហារ (រាករូស ពុលអាហារ គ្រុនពោះវៀន), ជំងឺគ្រុនកណ្តុរ (Leptospirosis), ជំងឺផ្សិតស៊ីជើង និងមុខរបួសឆ្លងរោគ, ជំងឺឈឺភ្នែកក្រហម, ជំងឺគ្រុនឈាម, គ្រោះថ្នាក់ពីការឆក់ខ្សែភ្លើង លង់ទឹក និងសត្វអសិរពិសខាំ, ព្រមទាំងវិបត្តិផ្លូវចិត្ត និងភាពតានតឹង។
យោងតាមការចេញផ្សាយរបស់កាសែតAmarin News ដើម្បីការពារសុខភាព លោក Sakan Bunnag បានណែនាំឱ្យប្រជាពលរដ្ឋថៃ ចៀសវាងការដើរកាត់ទឹក ឬត្រាំទឹកយូរ។ ប្រសិនបើចាំបាច់ ត្រូវពាក់ស្បែកជើងប៊ូតឃ្លុបជិត និងការពារកុំឱ្យទឹកប៉ះពាល់មុខរបួស។ នៅពេលត្រឡប់មកដល់ផ្ទះ ត្រូវប្រញាប់លាងជើងជាមួយសាប៊ូ ជូតឱ្យស្ងួត ព្រមទាំងបរិភោគអាហារចម្អិនឆ្អិនថ្មីៗ ផឹកទឹកស្អាត និងលាងដៃឱ្យបានញឹកញាប់។ ចំពោះសុវត្ថិភាពក្នុងផ្ទះ ត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីមុនពេលទឹកជន់លិច ជៀសវាងប្រើប្រាស់គ្រឿងអគ្គិសនីពេលសើម និងប្រុងប្រយ័ត្នសត្វអសិរពិសដែលរត់ភៀសខ្លួនចូលផ្ទះ។
វេជ្ជបណ្ឌិតរូបនេះបានគូសបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់លើកុមារតូចៗ ជនជរា ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺប្រចាំកាយ។ ប្រសិនបើមានអាការៈក្តៅខ្លួនខ្លាំង ឈឺសាច់ដុំកំភួនជើង ភ្នែកឡើងលឿង រាករូសធ្ងន់ធ្ងរ ឬដកដង្ហើមហត់ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីបាងកក (BMA) បានប្រកាសអាសន្នគ្រោះមហន្តរាយនៅទូទាំងក្រុង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាក្នុងកម្រិតរហូតដល់ជាង ៣៣០ មីលីម៉ែត្រ។ បាតុភូតអាកាសធាតុដ៏អាក្រក់នេះ បានបណ្តាលឱ្យទឹកជន់លិចផ្ទះសម្បែង អាជីវកម្ម និងផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ ដែលជាវិបត្តិទឹកជំនន់អាក្រក់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ២០១១ មក ខណៈអាជ្ញាធរថៃ កំពុងប្រកាសអាសន្នគ្រោះមហន្តរាយនៅទូទាំងទីក្រុង និងចាត់វិធានការសង្គ្រោះបន្ទាន់ភ្លាមៗ៕