Swift cc time

ទឹកជំនន់បន្តរាលដានដល់ ១០ខេត្ត ប៉ះពាល់សរុបជាង ៤ម៉ឺនគ្រួសារ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតត្រឹមម៉ោង ៥៖០០នាទីល្ងាច ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ គ្រោះទឹកជំនន់បានប៉ះពាល់ដល់ខេត្តចំនួន ១០ ស្មើនឹង ៥២ក្រុង-ស្រុក នៅទូទាំងប្រទេស។

តាមបច្ចុប្បន្នភាពស្ថានភាពទឹកជំនន់ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែកញ្ញា ទឹកជំនន់បានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប ៤៤,៨៨៩គ្រួសារ ក្នុងនោះមានផ្ទះប្រមាណ ៤០,៣៨៤ខ្នង និងប្រជាពលរដ្ឋចំនួន ៣,៦៨៥គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ ទន្ទឹមនោះ ផ្ទៃដីស្រូវប្រមាណ ៤៩,៩២៥ហិកតា ក៏រងផលប៉ះពាល់ផងដែរ។

ខេត្តដែលរងផលប៉ះពាល់ទឹកជំនន់ រួមមាន បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃ គ.ជ.គ.ម. បានបន្តចុះពិនិត្យ និងតាមដានស្ថានភាពទឹកជំនន់នៅតំបន់ដែលរងផលប៉ះពាល់ខ្លាំង ជាពិសេសក្នុងខេត្ត បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។ រដ្ឋបាលខេត្តក៏កំពុងបន្តចាត់វិធានការដោះស្រាយ និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ប្រឈមទៅកាន់ទីកន្លែងមានសុវត្ថិភាព។

បើប្រៀបធៀបនឹងថ្ងៃទី២៦ ខែកញ្ញា ចំនួនគ្រួសារដែលរងផលប៉ះពាល់បាន កើនឡើង ១៩,៣២៨គ្រួសារ ដែលការកើនឡើងភាគច្រើនកើតមាននៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។

ទោះជាយ៉ាងណា កម្រិតទឹកទន្លេមេគង្គនៅស្ថានីយសំខាន់ៗភាគច្រើននៅតែ ទាបជាងកម្រិតប្រុងប្រយ័ត្ន និងមាននិន្នាការស្រកចុះ៕

Khcct banner

អត្ថបទទាក់ទង