Swift cc time

ក្រុងបាងកក រងគ្រោះទឹកជំនន់ខ្លាំងក្លាជាងឆ្នាំ ២០១១ ខណៈគ្រួសារជាង ៥ម៉ឺននាក់រងផលប៉ះពាល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បាងកក៖ ទីក្រុងបាងកកកំពុងប្រឈមមុខនឹងវិបត្តិទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតមិនធ្លាប់មានរហូតដល់ជាង ៣៣០ មីលីម៉ែត្រ ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ។ បាតុភូតអាកាសធាតុដ៏អាក្រក់នេះ បានបណ្តាលឱ្យទឹកជន់លិចផ្ទះសម្បែង អាជីវកម្ម និងផ្លូវថ្នល់ជាច្រើនត្រូវបានទឹកជន់លិចយ៉ាងខ្លាំងក្លាមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១១ មកដែលគ្រោះទឹកជំនន់ដ៏អាក្រក់មួយនេះបានជំរុញឱ្យរដ្ឋបាលក្រុងបាងកក (BMA) ប្រកាសអាសន្នគ្រោះមហន្តរាយនៅទូទាំងទីក្រុង និងចាត់វិធានការសង្គ្រោះបន្ទាន់ភ្លាមៗ។

យោងតាមទិន្នន័យផ្លូវការពីរដ្ឋបាលក្រុងបាងកក (BMA) គ្រោះទឹកជំនន់នេះបានបង្កផលប៉ះពាល់ដោយផ្ទាល់ដល់គ្រួសារប្រមាណ ៥ម៉ឺន ២ពាន់គ្រួសារ។ ប្រជាពលរដ្ឋជិត ៥ ពាន់នាក់ត្រូវបញ្ជូន និងជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន ដោយក្នុងនោះមានហេដ្ឋរចនាសម្ព័ន្ធនាៗរួមមានផ្លូវថ្នល់ រថយន្ត សាលារៀន វត្តអារាម ត្រូវបានទឹកជន់លិចយ៉ាងខ្លាំងក្លាមិនធ្លាប់មានត្រឹមតែរយៈពេលប៉ុន្មាននៃជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លាមួយនេះ។

នៅតាមតំបន់មួយចំនួន ជាពិសេសនៅតាមបណ្តោយប្រឡាយ Premprachakorn ប្រជាពលរដ្ឋបានរៀបរាប់ថា ផ្ទះរបស់ពួកគេត្រូវលិចលង់ក្នុងទឹកជម្រៅធ្ងន់ធ្ងរអស់រយៈពេលជាង ៣០ ម៉ោង។ អ្នកស្រុកអាយុ ៤៤ ឆ្នាំម្នាក់បានអះអាងថា កម្រិតទឹកលើកនេះមានកម្ពស់ខ្ពស់ជាង និងអាក្រក់ជាងគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រក្នុងឆ្នាំ ២០១១ (ដែលកាលនោះបានសម្លាប់មនុស្សជាង ៥០០ នាក់) ទៅទៀត។ ពលរដ្ឋជាច្រើនត្រូវបង្ខំចិត្តគេងលើតុ ឬដើរឆ្លងកាត់ទឹកដែលមានជម្រៅត្រឹមជង្គង់ ដើម្បីសង្គ្រោះសម្ភារៈប្រើប្រាស់ ប៉ុន្តែឧបករណ៍អគ្គិសនីធំៗដូចជា ទូទឹកកក និងម៉ាស៊ីនបោកខោអាវ ត្រូវទុកឱ្យខូចខាតក្នុងទឹកដោយមិនអាចជួយបានឡើយ។

ស្ថានភាពជំនន់ទឹកភ្លៀងនេះ បានបង្កឱ្យមានការភ័យខ្លាចជាសាធារណៈ រហូតធ្វើឱ្យប្រជាពលរដ្ឋសម្រុកទៅទិញ និងគ្រឿងឧបភោគបរិភោគតាមផ្សារទំនើបទុកដែលបាន ធ្វើឱ្យធ្នើរទំនិញមួយចំនួនប្រែជាទទេស្អាត។ ការិយាល័យនាយករដ្ឋមន្ត្រីបានចេញសេចក្តីប្រកាសអាសន្ន អំពាវនាវឱ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការទិញទំនិញដោយស្លន់ស្លោ និងបានព្រមានធ្ងន់ៗថា ការឆ្លៀតឱកាសឡើងថ្លៃទំនិញគឺជាបទល្មើសព្រហ្មទណ្ឌដែលត្រូវប្រឈមមុខនឹងច្បាប់។

ទោះបីជារដ្ឋបាលក្រុងបាងកក និងអាជ្ញាធរពាក់ព័ន្ធកំពុងប្រញាប់ប្រញាល់ប្រើប្រាស់ម៉ាស៊ីនបូមទឹក ដើម្បីរំដោះទឹកចេញពីបណ្តាញប្រឡាយ និងផ្លូវថ្នល់យ៉ាងសស្រាក់សស្រាំក៏ដោយ ក៏កម្រិតទឹកនៅក្នុងប្រឡាយសំខាន់ៗនៅតែមានកម្ពស់ខ្ពស់។ ទីភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់បន្ថែមទៀតនៅទូទាំងទីក្រុងបាងកក និងខេត្តជុំវិញ មុនពេលចាប់ផ្តើមថយចុះជាបណ្តើរៗ។ អ្នកវិទ្យាសាស្ត្របានចង្អុលបង្ហាញថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងញឹកញាប់បែបនេះ គឺជាផលវិបាកដោយផ្ទាល់នៃការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅផែនដី៕


Khcct banner

អត្ថបទទាក់ទង