ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បានចេញសារអំពាវនាវដល់យុវជនខ្មែរគ្រប់រូបមកដាក់ពាក្យ ដើម្បីបំពេញ «កាតព្វកិច្ចយោធា» ខណៈថ្ងៃទទួលពាក្យនឹងចាប់ផ្តើមពីថ្ងៃទី ១ តុលា ២០២៦តទៅ។យុវជន អាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។
"ប្រទេសជាតិ និងរាជរដ្ឋាភិបាល ត្រូវការកម្លាំងធនធានមនុស្សប្រកបដោយ គុណភាព។ការអនុវត្ត កាតព្វកិច្ចយោធា និងផ្តល់ចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដែលចូលរួមចំណែកក្នុងការបម្រើជាតិមាតុភូមិនៃយើង" ។នេះជាការលើកឡើងរបស់លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ។
លោកបាន អំពាវនាវដល់មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រ ផ្តល់កម្លាំងចិត្ត និងជួយឱ្យយុវជនយល់ច្បាស់អំពីគោលបំណងនៃការអនុវត្តច្បាប់នេះ។ ការចូលរួមហ្វឹកហាត់នេះ នឹងធ្វើឱ្យយុវជនពង្រឹងកម្លាំងកាយ ចិត្តគំនិត វិន័យ ប្រកបដោយជំនាញ បទពិសោធន៍ អាចបង្កើនភាពជឿជាក់ មានទំនុកចិត្តកាន់តែប្រសើរ មានមូលដ្ឋានល្អសម្រាប់ការសិក្សា ការងារ និងជីវិត ក្រោយពេលបញ្ចប់ការអនុវត្តកាតព្វកិច្ចយោធានេះ។ការជ្រើសរើសត្រូវអនុវត្តតាម លក្ខខណ្ឌ និងនីតិវិធី ដែលបានកំណត់ ប្រកបដោយតម្លាភាព និងស្មើភាព។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសធ្វើជំរឿនលើយុវជនចាប់ផ្តើមពីដើមខែតុលារហូតដល់ខែធ្នូ លើយុវជនចាប់ពីអាយុ ១៧ឆ្នាំដល់២៥ឆ្នាំ ហើយនឹងត្រូវបំពេញ «កាតព្វកិច្ចយោធា»រយៈពេល ២៤ខែ ពោលគឺ២ឆ្នាំ។ចំពោះយោធិន កំពុងបំពេញកាតព្វកិច្ចយោធា នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និង គោលរបបផ្សេងៗមានជាអាទិ៍៖ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០០០០(បួនសែន)រៀល។
គោលរបបផ្សេងៗត្រូវទទួលបានដូចយោធិនអាជីពរួមមាន៖ ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន របបអង្ករប្រចាំថ្ងៃ និង របបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារចាំបាច់មួយចំនួន៕