ថៃ៖ យោងតាមទិន្នន័យពីប្រព័ន្ធត្រួតពិនិត្យទឹកលិចលើផ្លូវថ្នល់របស់រដ្ឋបាលរាជធានីបាងកក (BMA) កាលពីវេលាម៉ោង ៨:៤០ នាទីព្រឹក ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៦ ទឹកជំនន់បានរីករាលដាលយ៉ាងខ្លាំងនៅតំបន់ភាគខាងជើង ភាគខាងកើត និងភាគកណ្តាលនៃក្រុងបាងកក។ ដើម្បីឆ្លើយតប អាជ្ញាធរ ក្រុងបាងកកបានណែនាំឱ្យអ្នកធ្វើដំណើរតាមផ្លូវគោកទាំងអស់ ជៀសវាងផ្លូវចំនួន ៣១ ខ្សែ ដែលកំពុងរងការលិចលង់ដោយកម្រិតទឹកហក់ឡើងចាប់ពី ២០ សង់ទីម៉ែត្រឡើងទៅនៅតាមទីតាំងជាច្រើន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ផ្លូវសំខាន់ៗដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ រួមមាន៖ ផ្លូវ Ram Inthra, Phahon Yothin, Thep Rak, Watcharapol, Chaeng Watthana, Nawamin, Prasert-Manukitch, Ramkhamhaeng, Huamark, Srinakarin, Sena Nikhom 1, Vibhavadi Rangsit, Chang Akat Uthit, Luang Phaeng, Chao Khun Thahan, Sukhonthasawat, Chok Chai 4, Lat Phrao Wang Hin, Suwinthawong, Sihaburanukit, Wachiratham Sathit, On Nut, Sukhumvit 71 (ម្តុំផ្លូវបំបែក Khlong Tan), Phatthanakan, Lat Phrao និងផ្លូវ Intharaphon ដោយទីតាំងទាំងនេះមានកម្រិតទឹកលិចយ៉ាងតិច ២០ សង់ទីម៉ែត្រ។
ដោយឡែក ផ្លូវមួយចំនួនទៀតរងការលិចលង់ក្នុងកម្រិតស្រាលជាងនេះ រួមមានផ្លូវ Chaloem Phrakiat Rama IX និងផ្លូវ Sukhaphiban 5 មានកម្រិតទឹកលិចយ៉ាងតិច ១៥ សង់ទីម៉ែត្រ ព្រមទាំងផ្លូវ Seri Thai (ជុំវិញតំបន់ឧស្សាហកម្ម Bang Chan), Lat Krabang និង Nak Niwat មានកម្រិតទឹកលិចយ៉ាងតិច ១០ សង់ទីម៉ែត្រ។
អាជ្ញាធររដ្ឋបាលរាជធានីបាងកកបានអំពាវនាវដល់សាធារណជន និងអ្នកធ្វើដំណើរទាំងអស់ ជៀសវាងការប្រើប្រាស់ផ្លូវទាំងនេះប្រសិនបើអាច និងត្រូវពិនិត្យមើលស្ថានភាពចរាចរណ៍ ក៏ដូចជាកម្រិតទឹកលិចជាមុន មុនពេលចេញធ្វើដំណើរ៕