ញូវយ៉ក៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស បានយកឱកាសក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតនៅ UN ដើម្បីថ្លែងរាយការណ៍ប្រាប់អន្តរជាតិ ពីសកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យជាតិកម្ពុជា តាមរយៈប្រើប្រាស់កម្លាំក្រោយបទឈប់បាញ់ដែលនាំឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជារាប់ម៉ឺននាក់ជួបការលំបាក។ក្នុងសន្និបាតនោះ លោកបានទាមទារឱ្យថៃស្តារទំនុកចិត្តឡើងវិញដោយផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង។
ក្នុងសន្និបាទលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការឈ្លានពានរបស់ថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា-ថៃ ហើយជម្លោះនោះ បានបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រាលជ្រៅ និងយូរអង្វែង រួមទាំងការខូចខាតដល់បេតិកភណ្ឌវប្បធម៌ និងការបន្តគំរាមកំហែងពីសំណាក់គ្រាប់មិនទាន់ផ្ទុះជាដើម។
សម្រាប់លោក ប្រាក់ សុខុន អះអាងថា កម្ពុជាយល់ថា ការស្តារទំនុកចិត្តឡើងវិញត្រូវតែផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែងដែលជាការចាំបាច់ដែលត្រូវមានការអនុវត្តប្រកបដោយប្រសិទ្ធភាពពេញលេញ និងសុឆន្ទៈ ចំពោះរាល់ការព្រមព្រៀងគ្នា ក្នុងនោះរួមមានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ កុងសង់ស៊ីសហ្វ៊ូសៀន (Fuxian Consensus) និងជាពិសេសសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានប្តេជ្ញាចិត្តបដិសេធការគំរាមកំហែង ឬការប្រើកម្លាំង និងការគោរពខណ្ឌសីមាព្រំដែនអន្តរជាតិ ក៏ដូចជាការអនុវត្តវិធានការជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ និងជំរុញប្រក្រតីភាពទំនាក់ទំនងទ្វេភាគី។
ការស្តារទំនុកចិត្តឡើងវិញ ដោយលោកប្រមុខការទូតកម្ពុជា បានជំរុញឱ្យថៃចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន ដោយអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ និង ជាពិសេសសម្រួលឱ្យជនស៊ីវិលកម្ពុជាប្រមាណជាង២ម៉ឺននាក់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានខ្លួនវិញ ខណៈលំនៅឋានរបស់ពួកគេត្រូវបានបន្តកាន់កាប់ដោយខុសច្បាប់ពីយោធាថៃ៕