Swift cc time

មរតកព្រះពុទ្ធសិល្បៈសម័យអង្គរ៖ ព្រះពុទ្ធបដិមា ៣ រចនាបថ តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ព្រះពុទ្ធបដិមាធ្វើពីថ្មភក់ចំនួន ២៧៤ បំណែក ដែលមានអាយុកាលប្រមាណចុងសតវត្សរ៍ទី១៣ បានក្លាយជាសក្ខីភាពដ៏មានតម្លៃនៃសិល្បៈព្រះពុទ្ធសាសនាសម័យអង្គរ។ បុរាណវត្ថុទាំងនេះកំពុងត្រូវបានដាក់តាំងបង្ហាញនៅ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីឱ្យសាធារណជនបានទស្សនា និងសិក្សាស្វែងយល់ពីមរតកវប្បធម៌ខ្មែរ។

ព្រះពុទ្ធបដិមាទាំងនេះ ត្រូវបានអ្នកបុរាណវិទ្យារកឃើញក្នុងពេលធ្វើកំណាយនៅ ប្រាសាទបន្ទាយក្តី។ ក្រោយមក អ្នកជំនាញបានសម្អាត ជួសជុល និងអភិរក្សបំណែកចម្លាក់ទាំងនេះ មុននឹងយកមកដាក់តាំងបង្ហាញជាអចិន្ត្រៃយ៍។

តាមការបញ្ជាក់របស់លោក វឿន វិបុលសុខុម បុគ្គលិកបច្ចេកទេសនៅសារមន្ទីរ ព្រះពុទ្ធបដិមាដែលរកឃើញពីប្រាសាទបន្ទាយក្តី មាន ៣ រចនាបថសំខាន់ៗ គឺ រចនាបថបាភួន រចនាបថអង្គរវត្ត និងរចនាបថបាយ័ន។

រចនាបថទាំងបីមានលក្ខណៈខុសៗគ្នា។ រចនាបថបាភួនភាគច្រើនបង្ហាញព្រះពុទ្ធគង់សមាធិប្រក់នាគ និងបើកព្រះនេត្រ ខណៈរចនាបថអង្គរវត្តមានមកុដ និងគ្រឿងអលង្ការលើព្រះកាយ។ ចំណែករចនាបថបាយ័ន មានលក្ខណៈពិសេសដោយព្រះពុទ្ធគង់សមាធិបិទព្រះនេត្រ មានភ្នួងព្រះកេសជាថ្នាក់ៗ និងស្បង់ចីវរគ្របតែស្មាខាងឆ្វេង។

អ្នកជំនាញចាត់ទុកការរកឃើញទាំងនេះថា ជាភស្តុតាងសំខាន់មួយសម្រាប់សិក្សាពីការវិវត្តនៃសិល្បៈខ្មែរ ពីសម័យកាលមួយទៅសម័យកាលមួយ និងបង្ហាញពីភាពសម្បូរបែបនៃសិល្បៈព្រះពុទ្ធសាសនាក្នុងសម័យអង្គរ។

ក្រៅពីព្រះពុទ្ធបដិមាទាំង ៣ រចនាបថ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ក៏មានដាក់តាំងបង្ហាញបុរាណវត្ថុជាច្រើនទៀត រួមមានព្រះពុទ្ធភៃសជ្យគុរុ ឬព្រះពុទ្ធជាគ្រូថ្នាំ និងថ្មគោលពុទ្ធសាសនាដែលមានរូបព្រះពុទ្ធចំនួន ១,០០៨ អង្គ ផងដែរ៕


Khcct banner

អត្ថបទទាក់ទង