សៀមរាប៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី ២៥ កញ្ញានេះ បានជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋស្តីពីការផ្អាកការធ្វើចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្ន។
យោងតាមស្ថានភាពជំនន់ទឹកភ្លៀង បាននិងកំពុងជន់ឡើងខ្លាំងធ្វើឱ្យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងភូមិសាស្ត្រខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តធុនធំគ្រប់ប្រភេទ៖ លើកំណាត់ផ្លូវជាតិលេខ ៦៤ (ក្នុងស្រុកស្វាយលើ),លើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ),លើកំណាត់ផ្លូវខេត្តលេខ ២៦៧ (សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប) និងលើកំណាត់ផ្លូវខេត្តលេខ ២៦៤៥ (ស្វាយលើ-វ៉ារិន)៕