ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអង្គការ UNICEF ប្រចាំកម្ពុជា នាថ្ងៃទី២៣ កញ្ញា បានជួបពិភាក្សាឯកភាពគ្នាបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការក្រោមកម្មវិធី UNICEF ប្រចាំកម្ពុជា ឆ្នាំ២០២៤-២០២៨ ដោយផ្តោតលើវិស័យអាទិភាពសំខាន់ៗចំនួន ៦ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា។
ភាគីទាំងពីរ បានពិភាក្សាផ្តោតទៅលើវិស័យអាទិភាពសំខាន់ៗចំនួន ៦ រួមមាន៖ អាហារូបត្ថម្ភ (SUN)៖ ពន្លឿនការកែលម្អអាហារូបត្ថម្ភរបស់មាតា និងកុមារ។ សុខភាពមាតា ទារក និងកុមារ៖ ពង្រឹងសេវាថែទាំសុខភាពនៅតំបន់ដាច់ស្រយាល ជាពិសេសនៅតាមបណ្តាខេត្តភាគឦសាន។ បរិវត្តកម្មឌីជីថល៖ ពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល DHIS2 និងប្រព័ន្ធចាក់ថ្នាំបង្ការអេឡិចត្រូនិក។
បន្ថែមពីនេះ ក៏បានពិភាក្សាទៅលើ ការចាក់ថ្នាំបង្ការ និងសមធម៌៖ បន្តស្វែងរក និងផ្តល់សេវាចាក់វ៉ាក់សាំងដល់កុមារដែលមិនទាន់បានទទួលវ៉ាក់សាំងសោះ (Zero-dose)។ ប្រព័ន្ធសហគមន៍៖ ពង្រឹងតួនាទីក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ក្នុងការផ្តល់ និងលើកកម្ពស់សេវាថែទាំសុខភាពបឋមនៅមូលដ្ឋាន។ សុខភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ រួមបញ្ចូលការប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យ នៅក្នុងវិស័យសុខាភិបាល និងពង្រឹងការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ប្រកបដោយសុវត្ថិភាព។
ជាចុងក្រោយ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈផែនការសកម្មភាពរួម (MOH-UNICEF Rolling Plan) ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល និងរួមចំណែកដល់ការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា៕