វ៉ាស៊ីនតោន៖ ក្នុងអំឡុងពេលពិធីលៀងសាយភោជន៍ផ្លូវការដ៏អធិកអធមនៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាម៉េរិក លោក Donald Trump និងលោកស្រី Melania Trump បានជូនរូបសំណាកឥន្ទ្រីក្បាលស (Bald Eagle) ដែលជាសត្វតំណាងជាតិអាម៉េរិក ជូនដល់ប្រធានាធិបតីចិន លោក Xi Jinping។ លោក Trump បានបញ្ជាក់ថា រូបសំណាកដែលលោក និងភរិយាបានចូលរួមរចនាដោយផ្ទាល់នេះ គឺតំណាងឱ្យ «ស្មារតីសេរីភាព និងការហោះហើរឡើងខ្ពស់របស់អាម៉េរិក»។ ទន្ទឹមនឹងគ្នានេះ លោក Xi Jinping ក៏បានប្រកាសផ្តល់អំណោយជាសត្វខ្លាឃ្មុំផេនដាចំនួនពីរ (ឈ្មោះ Ping Ping និង Fu Shuang) ទៅកាន់សួនសត្វនៅទីក្រុង Atlanta ព្រមទាំងកម្មវិធីផ្លាស់ប្តូរនិស្សិតអាម៉េរិក ១០០,០០០ នាក់ទៅសិក្សានៅចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខផងដែរ។
លោក Xi បានមានប្រសាសន៍ថា៖ "ខ្លាឃ្មុំផេនដាយក្សបានដើរតួជាអ្នកតំណាងនៃមិត្តភាពរវាងប្រជាជនចិន និងអាម៉េរិក ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ខ្លាឃ្មុំផេនដាពីរគឺ Ping Ping និងFu Shuang នឹងមកដល់ផ្ទះថ្មីរបស់ពួកវានៅសួនសត្វ Atlanta ហើយជួបជាមួយប្រជាជនអាម៉េរិក"។
គួររម្លឹកថាទោះបីជាការផ្តល់អំណោយទៅវិញទៅមកនេះ បានកើតឡើងនៅក្នុងជំនួបផ្ទាល់មុខលើកទីបីរវាងមេដឹកនាំទាំងពីរ ចំពេលដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមធំៗ រួមមានការប្រកួតប្រជែងបច្ចេកវិទ្យា AI សន្តិសុខសកល និងសង្គ្រាមពាណិជ្ជកម្មដែលទើបតែឈានដល់កិច្ចព្រមព្រៀងពន្យារពេលបទឈប់បាញ់បណ្តោះអាសន្ន។ អ្នកការទូតបានគូសបញ្ជាក់ថា ទោះបីជាមានច្បាប់រឹតបន្តឹងលើតម្លៃអំណោយនៅលោកខាងលិច (ដូចជាអាម៉េរិកកំណត់ត្រឹម ៥២៥ ដុល្លារ) ក៏ដោយ ប៉ុន្តែការទូតតាមរយៈរូបភាព និងអំណោយការទូតនេះ នៅតែជាមធ្យោបាយដ៏ចាំបាច់ដើម្បីចៀសវាងភាពអាម៉ាស់ និងទប់ស្កាត់ជម្លោះដ៏ក្តៅគគុកមិនឱ្យផ្ទុះឡើង៕