ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បាននាំយកសម្ភារទុកដាក់សំរាម និងសំណល់ថ្មពិលចំនួន ៥ធុង ទៅប្រគេនថ្វាយសម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព នៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីប្រើប្រាស់សម្រាប់បង្កើនភាពស្អាតក្នុងវត្តអារាម ជាពិសេសក្នុងរដូវបុណ្យភ្ជុំ ដែលមានប្រជាពលរដ្ឋ មកវត្តយ៉ាងច្រើនកុះករ។
ការផ្តល់ជូនធុងទុកដាក់សំរាម និងសំណល់ថ្មពិលនេះ មានបំណងផ្សព្វផ្សាយ ចូលរួមចំណែកកាត់បន្ថយសំណល់ប្លាស្ទិកក្រោមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងលើកកម្ពស់សោភ័ណភាព អនាម័យ និងការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់គ្រោះថ្នាក់ ឱ្យបានត្រឹមត្រូវ រួមទាំងពង្រឹងផ្នត់គំនិតអនាម័យ និងបរិស្ថានស្អាតនៅក្នុងទីអារាម ជូនដល់សាធារណជន។
សូមបញ្ជាក់ថា វត្តអារាមជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋយ៉ាងច្រើននៅពេលមានពិធីបុណ្យ និងការមកកម្សាន្តពីប្រជាពលរដ្ឋ អ្នកទេសចរណ៍។ ការជំរុញភាពស្អាត និងការគ្រប់គ្រងសំរាមក្នុងវត្ត មិនត្រឹមតែលើកកម្ពស់សោភ័ណភាព ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូ ដ៏មានឥទ្ធិពលសម្រាប់ពុទ្ធបរិស័ទ យកទៅអនុវត្តតាមមូលដ្ឋានរៀងៗខ្លួន។
កន្លងមកនេះ ក្រសួងបានផ្តល់ធុងដាក់សំរាមសម្រាប់ញែកសំណល់ ជាពិសេសសំណល់ប្លាស្ទិក ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាព ជនភៀសសឹក សរុប ៤១ ៥៧២ធុង។ តាមការគ្រោងទុក ក្រសួងបរិស្ថាន នឹងផ្តល់ជូនធុងសំរាម ឱ្យបានដល់គ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេស សរុប ចំនួន ៥៥ ៥០០ធុង និងសម្រាប់ប្រើប្រាស់ក្នុងការទុកដាក់ សំរាមឱ្យបានត្រឹមត្រូវ៕