Swift cc time

នាយករដ្ឋមន្ត្រីកម្ពុជា សាទរភាពជោគជ័យនៃសន្និសីទអន្តរជាតិស្តីពីការប្រឆាំង Online Scams និងបន្តប្តេជ្ញាបោសសម្អាត

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានកោតសរសើរគ្រប់អាជ្ញាធរពាក់ព័ន្ធក្នុងការរៀបចំបានដោយ ជោគជ័យសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ច្រវាក់និង បញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ជាមួយការសាទរ សម្តេចថែមទាំងប្រកាសពីការប្តេជ្ញាចិត្តបន្តបោសសម្អាត Online Scams ដើម្បីការពារកេរ្តិ៍ឈ្មោះកម្ពុជា។

ថ្លែងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកសន្និសីទអន្តរជាតិស្តីពីការប្រឆាំង Online Scams បានផ្តល់ឱកាសដល់កម្ពុជាបានបង្ហាញយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិ អំពីការប្តេជ្ញាចិត្តដ៏មុះមុតក្នុងការទប់ស្កាត់ និងបោសសម្អាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទាក់ទងនឹងសមិទ្ធផលការបង្រ្កាបកន្លងមក សម្តេច ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ពីសំណាក់ប្រទេសជាមិត្ត និងអង្គការអន្តរជាតិនានា ហើយទទួលស្គាល់ថាគ្មានប្រទេសណាមួយអាចដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះសកម្មភាព ឆបោកតាមប្រពន្ធ័បច្ចេកវិទ្យានេះ ដោយឯកឯងបាននោះទេ ពោលគឺមានតែកិច្ចសហការជាអន្តរជាតិដែល ផ្អែកលើមូលដ្ឋានជឿទុកចិត្ត ផ្ដល់ព័ត៌មានទៅវិញទៅមកនិងការគោរពដែនអធិបតេយ្យប៉ុណ្ណោះទើបជាដំណោះស្រាយប្រកបដោយចីរភាព។

ជាថ្មីម្តងទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តបេសកកម្មប្រយុទ្ធប្រឆាំងបោសសម្អាត Online Scams ជាកិច្ចការអាទិភាព និងចាំបាច់ត្រូវអនុវត្តគ្រប់វិធានការដែលបានដាក់ចេញអោយកាន់តែម៉ឺងម៉ាត់ជាប្រចាំ ពីព្រោះមជ្ឈដ្ឋានខាងក្រៅនៅតែឃ្លាំមើលចំណាត់ការរបស់កម្ពុជា ខណៈប្រទេសមួយចំនួននៅតែឆ្លៀតយកបញ្ហានេះធ្វើជាឡេះ បង្កអរិភាពដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង