វ៉ាស៊ីនតោន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសពីគំនិតផ្តួចផ្តើមអញ្ជើញយុវជនអាម៉េរិកចំនួន ១០០,០០០ នាក់ ឱ្យទៅធ្វើទស្សនកិច្ច និងសិក្សានៅប្រទេសចិន ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ការប្រកាសនេះបានធ្វើឡើងក្នុងឱកាសនៃពិធីទទួលស្វាគមន៍ផ្លូវរដ្ឋយ៉ាងអធិកអធមនៅសេតវិមាន ដែលរៀបចំឡើងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា ប្រជាជនគឺជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយយុវជនគឺជាអ្នកកំណត់អនាគត។ ប្រទេសចិនក៏បានរៀបចំផ្ញើសត្វខ្លាឃ្មុំផេនដាមួយគូទៅកាន់សួនសត្វ Zoo Atlanta ក្នុងរដ្ឋ Georgia ធ្វើជា «ទូតមិត្តភាព» ដើម្បីរឹតចំណងទាក់ទងផ្នែកវប្បធម៌បន្ថែមទៀត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក្នុងជំនួបនៅបន្ទប់ Oval Office មេដឹកនាំនៃមហាអំណាចទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស្មោះត្រង់លើរបៀបវារៈសំខាន់ៗ ដូចជា ពាណិជ្ជកម្ម សន្តិសុខ និងការគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយការទទួលខុសត្រូវ។
ក្នុងឱកាសនោះ លោក ស៊ី ជិនពីង បានអំពាវនាវឱ្យប្រទេសទាំងពីរធ្វើការរួមគ្នា ដើម្បីចៀសវាងការប៉ះទង្គិចគ្នាតាមទ្រឹស្តី «បណ្តាសាធូស៊ីឌីឌេស» (Thucydides Trap) ដោយប្តូរមកជាការប្រកួតប្រជែងបែបសុខដុមរមនាក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។ ជាការឆ្លើយតប លោក ដូណាល់ ត្រាំ បានកោតសរសើរចំពោះចំណងមិត្តភាពដ៏រឹងមាំរវាងរូបលោក និងប្រធានាធិបតីចិន ព្រមទាំងបានរំឭកឡើងវិញពីប្រវត្តិសាស្ត្រដែលកងទ័ពនៃប្រទេសទាំងពីរធ្លាប់បានប្រយុទ្ធស្មាប្រកៀកស្មាគ្នាក្នុងសម័យសង្គ្រាមលោកលើកទីពីរ។
គួររម្លឹកថា «បណ្តាសាធូស៊ីឌីឌេស» (Thucydides Trap) គឺជាទ្រឹស្តីទំនាក់ទំនងអន្តរជាតិមួយ ដែលពណ៌នាអំពីហានិភ័យខ្ពស់នៃសង្គ្រាម នៅពេលដែលមហាអំណាចទើបឡើងថ្មី (Rising Power) ព្យាយាមប្រជែង ឬជំនួសតំណែងមហាអំណាចកំពូលបច្ចុប្បន្ន (Established Power)៕
កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររយៈពេល ៣ ថ្ងៃនេះ បានចាប់ផ្តើមឡើងកាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ដោយនេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបង្អស់របស់លោក ស៊ី ជិនពីង មកកាន់រដ្ឋធានីវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ២០១៥ មក៕