Swift cc time

មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ត្រូវបានសម្លាប់ ក្នុងការប៉ះទង្គិចគ្នានៅជិតព្រំដែនអ៊ីរ៉ង់-ប៉ាគីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) លោកឧត្តមសេនីយ៍ត្រី (Brig.-Gen.) 

តេហេរ៉ង់៖ មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) គឺលោកឧត្តមសេនីយ៍ត្រី (Brig.-Gen.) Hossein Zarifi ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រយុទ្ធគ្នាយ៉ាងក្តៅគគុកជាមួយក្រុមខ្មាន់កាំភ្លើង កាលពីថ្ងៃពុធ នៅក្នុងតំបន់ Jihadabad នៃស្រុក Saravan ខេត្ត Sistan និង Baluchestan ដែលជាតំបន់ព្រំដែនភាគអាគ្នេយ៍ជាប់ប្រទេសប៉ាគីស្ថាន។

យោងតាមសេចក្តីថ្លែងការណ៍របស់ទីស្នាក់ការកណ្តាល Quds នៃកងកម្លាំង IRGC ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tasnim បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Zarifi ដែលជាមេបញ្ជាការនៃទីបញ្ជាការប្រតិបត្តិការ Shahid Sajjad និងធ្លាប់បម្រើការងារក្នុងតំបន់នេះជាង ១ ទសវត្សរ៍មកហើយនោះ បានពលីជីវិតខណៈពេលកំពុងដឹកនាំកងកម្លាំងរបស់លោកផ្ទាល់នៅជួរមុខ។ ប្រតិបត្តិការនេះ គឺជាការបង្ក្រាបរួមគ្នារវាងកងកម្លាំង IRGC ក្រសួងស៊ើបការណ៍សម្ងាត់ និងកងកម្លាំងប៉ូលិស ដោយបានបើកការវាយឆ្មក់លើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ បន្ទាប់ពីទទួលបានព័ត៌មានស៊ើបការណ៍ថា ពួកគេកំពុងរៀបចំផែនការវាយប្រហារ។ ជាលទ្ធផល ខ្មាន់កាំភ្លើងចំនួន ៥ នាក់ត្រូវប៉ូលិសបាញ់សម្លាប់ ហើយមួយចំនួនទៀតត្រូវបានចាប់ខ្លួន។

ទោះបីជាអាជ្ញាធរអ៊ីរ៉ង់បានចាត់ទុកក្រុមប្រដាប់អាវុធទាំងនោះថាជា «ភេរវករ» ក៏ដោយ ប៉ុន្តែពុំទាន់មានការបញ្ជាក់ពីអត្តសញ្ញាណ ឬអង្គការជាក់លាក់ណាមួយនៅឡើយទេ ហើយក៏មិនទាន់មានក្រុមណាចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារនេះដែរ។ IRGC បានសង្កត់ធ្ងន់ថា ការបាត់បង់រូបលោក Zarifi នឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការការពារព្រំដែនរបស់ខ្លួនឡើយ ហើយពិធីបុណ្យសពរបស់លោកនឹងត្រូវរៀបចំឡើងនៅស្រុក Saravan នាថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា ខេត្ត Sistan និង Baluchestan ដែលមានប្រជាជនភាគច្រើនជានិកាយស៊ុននី និងមានព្រំប្រទល់ជាប់ទាំងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន គឺជាចំណុចក្តៅដែលតែងតែមានការវាយប្រហារជាញឹកញាប់ពីសំណាក់ក្រុមសកម្មប្រយុទ្ធ ជាពិសេសចលនាបំបែកខ្លួន Balochi។ ការប៉ះទង្គិចគ្នានាពេលនេះ គឺជាប្រតិបត្តិការសន្តិសុខដ៏ប្រឡាក់ឈាមលើកទីបីហើយនៅក្នុងតំបន់នេះ ក្នុងរយៈពេលត្រឹមតែមួយខែចុងក្រោយ បន្ទាប់ពីប្រតិបត្តិការកាលពីថ្ងៃទី ១២ ខែកញ្ញា (សម្លាប់ក្រុមសកម្មប្រយុទ្ធ ៤ នាក់ និងមន្ត្រីសន្តិសុខអ៊ីរ៉ង់ ៣ នាក់) និងប្រតិបត្តិការកាលពីចុងខែសីហាកន្លងទៅ៕

Khcct banner

អត្ថបទទាក់ទង