Swift cc time

លោក ស៊ីជិនពីង ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអាម៉េរិករយៈពេល ៣ ថ្ងៃជាផ្លូវការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតីចិន លោក ស៊ីជិនពីង បានទៅដល់ទីក្រុងវ៉ាស៊ីនតោននៅព្រឹកថ្ងៃ ព្រហស្បតិ៍ នេះដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃ ដោយទទួលបានការស្វាគមន៍យ៉ាងអធិកអធម និងកម្រមានជាទីបំផុតពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ និងលោកស្រី Melania Trump នៅឯមូលដ្ឋានយោធារួម Andrews (Joint Base Andrews) ស្របពេលដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាពន្យារពេលបទឈប់បាញ់ផ្នែកពាណិជ្ជកម្មរហូតដល់ខែមករា ។

នៅក្នុងពិធីស្វាគមន៍ដ៏កម្រនៅឯព្រលានយន្តហោះនោះ រដ្ឋបាលអាម៉េរិកបានរៀបចំកម្រាលព្រំក្រហមប្រវែង ៣០ ម៉ែត្រ កងកិត្តិយស ២១ នាក់ ការហោះហើរបង្ហាញខ្លួនរបស់យន្តហោះទម្លាក់គ្រាប់បែក B-1 ចំនួនពីរគ្រឿង និងការចូលរួមពីកងទ័ពគ្រប់ផ្នែក។ លោក ត្រាំ បានរង់ចាំស្វាគមន៍ និងចាប់ដៃលោក ស៊ី នៅក្បែរជណ្តើរយន្តហោះដោយផ្ទាល់ ជំនួសឱ្យការរង់ចាំនៅសេតវិមាន ដែលជាកាយវិការបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្តៅ បើទោះបីជាលោកធ្លាប់បានរិះគន់ប្រទេសចិនយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយក្តី។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅពេលត្រឡប់មកដល់សេតវិមានវិញថា លោកជឿជាក់ថាភាគីចិនពិតជាពេញចិត្តចំពោះការស្វាគមន៍នេះ ខណៈដែលលោក ស៊ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ពេលមកដល់ថា ប្រទេសទាំងពីរគួរតែធ្វើជាដៃគូមិនមែនជាគូប្រជែងឡើយ ហើយជោគជ័យនៃប្រទេសទាំងពីរអាចដំណើរការទៅទន្ទឹមគ្នាដើម្បីផ្តល់ផលប្រយោជន៍ដល់ពិភពលោក។

ទន្ទឹមនឹងពិធីស្វាគមន៍នេះ រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក Scott Bessent បានប្រកាសតាមរយៈបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ថា អាម៉េរិក និងចិនបានព្រមព្រៀងគ្នាបន្តបទឈប់បាញ់ពាណិជ្ជកម្មរហូតដល់ថ្ងៃទី ១០ ខែមករា ដែលតាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងកាត់បន្ថយពន្ធគយ និងមិនដាក់ចេញនូវការរឹតបន្តឹងពាណិជ្ជកម្មថ្មីៗឡើយ។ លោក Bessent បានកត់សម្គាល់ថា ការបន្តបទឈប់បាញ់នេះ នឹងផ្តល់ពេលវេលបន្ថែមសម្រាប់មេដឹកនាំទាំងពីរក្នុងការពិភាក្សាលើបញ្ហាសំខាន់ៗផ្សេងទៀត នៅក្នុងកិច្ចប្រជុំកំពូលអន្តរជាតិដែលនឹងប្រព្រឹត្តទៅនៅប្រទេសចិននាខែវិច្ឆិកា និងនៅរដ្ឋ Florida នាខែធ្នូ៕

Khcct banner

អត្ថបទទាក់ទង