ថៃ៖ ស្ត្រីជនជាតិចិនចំនួន ៣នាក់ ត្រូវបានកងកម្លាំងប៉ូលិសថៃជួយសង្គ្រោះចេញពីការឃុំខ្លួន កាលពីវេលាម៉ោង ១២:៣០ យប់អធ្រាត្រឈានចូលថ្ងៃពុធ នៅក្នុងផ្ទះល្វែងពីរជាន់មួយកន្លែង ស្ថិតក្នុងតំបន់ Takian Tia ស្រុក Bang Lamung ខេត្តជុនបុរី បន្ទាប់ពីទទួលបានសញ្ញាអាសន្នថា ពួកគេត្រូវបានចិនដូចគ្នា ៤នាក់ ចាប់ឃុំឃាំងដើម្បីរំលោភបំពាន និងជំរិតទារប្រាក់។
បើតាមកាសែតថៃ Bangkok Post ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីសាច់ញាតិរបស់ជនរងគ្រោះម្នាក់ បានទទួលសារតាម WeChat ពីជនរងគ្រោះដោយបញ្ជាក់ថា នាងកំពុងស្ថិតក្នុងគ្រោះថ្នាក់ ព្រមទាំងស្នើឱ្យបញ្ជូនកម្លាំងប៉ូលិសមកជាបន្ទាន់។ ភ្លាមៗក្រោយទទួលបានដំណឹងមន្ត្រីប៉ូលិសជាង ២០នាក់ ចុះឡោមព័ទ្ធ និងផ្លោះរបងចូលទៅក្នុងផ្ទះកើតហេតុ។ នៅក្នុងប្រតិបត្តិការនោះ អាជ្ញាធរបានរកឃើញស្ត្រី ២នាក់នៅជាន់ផ្ទាល់ដី និងស្ត្រីម្នាក់ទៀតនៅជាន់ទី ២ ក្នុងស្ថានភាពភ័យខ្លាចខ្លាំង និងមានស្នាមជាំនៅលើរាងកាយ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិនចំនួន ៤នាក់ភ្លាមៗ ។
នៅក្នុងទីតាំងកើតហេតុ ប៉ូលិសបានដកហូតភស្តុតាងសំខាន់ៗមួយចំនួន រួមមាន៖ សម្ភារៈប្រើប្រាស់គ្រឿងញៀន, បារីអេឡិចត្រូនិក (vapes) ដែលមានលាយសារធាតុ Ketamine, ស្រោមអនាម័យ, និងច្រវាក់វែងមួយដែលគេជឿថាប្រើសម្រាប់ចង ឬឃុំឃាំងជនរងគ្រោះ។ លើសពីនេះ ប៉ូលិសក៏បានរកឃើញរូបភាពអាសអាភាសរបស់ជនរងគ្រោះនៅក្នុងទូរស័ព្ទដៃរបស់ជនសង្ស័យម្នាក់ផងដែរ។ តាមការពិនិត្យ បុរសសង្ស័យទាំង ៤នាក់នោះ គ្មានលិខិតឆ្លងដែនជាប់ខ្លួនឡើយ ដោយត្រូវគេសង្ស័យថាបានលួចចូលប្រទេសថៃដោយខុសច្បាប់។
តាមចម្លើយសារភាពបឋម ស្ត្រីរងគ្រោះទាំង ៣នាក់ (អាយុ ២៣, ៣២ និង ៣៦ឆ្នាំ) បានឱ្យដឹងថា ជនសង្ស័យបានបោកប្រាស់ពួកគេដោយសន្យាផ្តល់ការងារផ្នែក «កម្សាន្ត» (entertain) ប៉ុន្តែនៅពេលមកដល់ ពួកគេបែរជាត្រូវគេនាំយកមកឃុំឃាំង ធ្វើបាប និងជំរិតទារប្រាក់ទៅវិញ៕