ញូវយ៉ក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ, នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen និងនាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីដ៏សំខាន់មួយ កាលពីថ្ងៃអង្គារ ទី២២ ខែកញ្ញា ក្នុងអំឡុងពេលប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដើម្បីបញ្ចប់ភាពតានតឹង និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនៅតំបន់អាកទិក។ កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យអាម៉េរិកបង្កើនវត្តមានយោធារបស់ខ្លួននៅលើកោះ Greenland ដែលជាទីតាំងយុទ្ធសាស្ត្រ និងសម្បូរទៅដោយធនធានរ៉ែ។
បើតាមការចេញផ្សាយរបស់ CNA ចំណុចសំខាន់នៃកិច្ចព្រមព្រៀងនេះ រួមមានការអនុញ្ញាតឱ្យអាម៉េរិកបង្កើតប្រព័ន្ធការពារ "Golden Dome" នៅលើកោះ Greenland ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងពីមីស៊ីលផ្លោង (ballistic missiles)។ លោក ត្រាំ បានបញ្ជាក់ក្នុងសុន្ទរកថាថា កិច្ចព្រមព្រៀងនេះផ្តល់ឱ្យអាម៉េរិកនូវ "ការគ្រប់គ្រងជាអចិន្ត្រៃយ៍លើសន្តិសុខ" ហើយគ្មានប្រទេសគូប្រជែងណាអាចបង្កើតវត្តមានយោធា ឬវិនិយោគលើវិស័យរសើបនៅ Greenland បានឡើយ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអាម៉េរិក។
ចំណែកឯនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានស្វាគមន៍កិច្ចព្រមព្រៀងដែលលោកស្រីជឿជាក់ថាជាកិច្ចព្រមព្រៀងស្ថិតស្ថេរជារៀងរហូត ហើយក៏ជួយពង្រឹងសម្ព័ន្ធមិត្តNATO ព្រមទាំងរក្សាបាននូវការគោរពដល់សិទ្ធិស្វ័យសម្រេចរបស់ប្រជាជន Greenland យ៉ាងពិតប្រាកដ៕