Swift cc time

នាយកជាន់ខ្ពស់ FBI អាម៉េរិក សាទរកម្ពុជាដែលមានឆន្ទៈច្បាស់លាស់ក្នុងការកម្ទេចក្រុមឆបោកតាមអនឡាញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ភ្នំពេញ៖ លោក ស្តេហ្វិន ហ្វ្លរ៉េស (Stephen Flores) នាយកប្រតិបត្តិការជាន់ខ្ពស់នៃទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) បានថ្លែងនាថ្ងៃទី២៣ ខែកញ្ញានេះ ដោយសម្តែងការអបអរសាទរ និងកោតសរសើរចំពោះកម្ពុជា ដែលមានគោលការណ៍ និងឆន្ទៈយ៉ាងច្បាស់លាស់ក្នុងការជួយសង្គ្រោះជនរងគ្រោះពីការឆបោកតាមប្រព័ន្ធអនឡាញ។

លោកបានគូសបញ្ជាក់ថា FBI នឹងបន្តរួមដៃការពារជនរងគ្រោះដែលមិនអាចការពារខ្លួនឯងបានពីការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា។ ដោយសារបទល្មើសអនឡាញនេះជាឧក្រិដ្ឋកម្មឆ្លងដែន ភាពជាដៃគូអន្តរជាតិគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលទាមទារឱ្យមានការប្តេជ្ញាចិត្ត ការលះបង់រួម និងការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ទៅវិញទៅមក ដើម្បីជួយដល់ការស៊ើបអង្កេតឱ្យមានប្រសិទ្ធភាព។

លោកបានបន្ថែមថា ទោះបីជាយើងមានភាសា ឯកសណ្ឋាន ឬផលប្រយោជន៍ផ្សេងគ្នាក៏ដោយ ប៉ុន្តែយើងត្រូវមានទស្សនវិស័យរួមមួយ គឺការការពារពលរដ្ឋស្លូតត្រង់ តាមរយៈការបង្ក្រាប និងកម្ទេចទីតាំងឆបោកអនឡាញឱ្យអស់។ លោកបានសង្កត់ធ្ងន់លើចំណុចមោទនភាពពីរគឺ៖ ទី១ ការអាចជួយជនរងគ្រោះបានទាន់ពេលវេលា និងទី២ ការពិនិត្យមើលលទ្ធភាពជាក់ស្តែងដើម្បីផ្តល់ជំនួយចាំបាច់ដល់ពួកគេ។

លោក ស្តេហ្វិន ហ្វ្លរ៉េស បានបង្ហាញទិន្នន័យថា ក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ FBI បានចាប់ខ្លួនមេខ្លោងធំៗចំនួន ៦ នាក់ ក្នុងចំណោមមេខ្លោងកំពូលទាំង ១០ នាក់ និងបាន ធ្វើបច្ចាប័ន ជនបរទេសផ្សេងទៀតចំនួន ៨៤ នាក់។ ចំនួននៃការចាប់ខ្លួនជនល្មើសបានកើនឡើង ១៤៥% ចំពោះជនជាតិអាម៉េរិក និងកើនឡើងជាង ១០០% នៅអឺរ៉ុប និងអាស៊ី។ ចំណែកការធ្វើបច្ចាប័នវិញ មានការកើនឡើង ៥០% ទៅ ៨០% នៅអាហ្វ្រិក និងកើនឡើងជាង ២០០% នៅតំបន់អាស៊ី។

ជាចុងក្រោយ លោកបានបញ្ជាក់ថា តួលេខទាំងនេះបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយផ្លែផ្ការបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ហើយលោកសូមសម្តែងការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះសមិទ្ធផលទាំងនេះ៕

Khcct banner

អត្ថបទទាក់ទង