Swift cc time

អតីតប្រធានផ្នែកសុវត្ថិភាពរបស់ Google ព្រមានថា AI អាចបង្កគ្រោះថ្នាក់ដល់កុមារខ្លាំងជាងបណ្តាញសង្គម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
 លោក Tom Siegel អតីតអនុប្រធានផ្នែកសុវត្ថិភាពនៅក្រុមហ៊ុន Google 

អាម៉េរិក៖ លោក Tom Siegel អតីតអនុប្រធានផ្នែកសុវត្ថិភាពនៅក្រុមហ៊ុន Google បានចេញមុខអំពាវនាវយ៉ាងទទូចឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សជុំវិញពិភពលោក បន្ថយល្បឿននៃការអភិវឌ្ឍប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)។ លោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា ឧស្សាហកម្មបច្ចេកវិទ្យាកំពុងតែប្រព្រឹត្តកំហុសឆ្គងដដែលៗដូចកាលពីសម័យកាលបង្កើតបណ្តាញសង្គម ដែលអាចបង្កផលប៉ះពាល់ និងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់កុមារ និងយុវជន។ ការព្រមាននេះធ្វើឡើងក្នុងបរិបទដែលក្រុមហ៊ុនបណ្តាញសង្គមធំៗកំពុងប្រឈមមុខនឹងបណ្តឹងផ្លូវច្បាប់រាប់ពាន់ករណី និងការចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានបង្កើតផលប៉ះពាល់អវិជ្ជមានដល់អ្នកប្រើប្រាស់វ័យក្មេង។

យោងតាមរបាយការណ៍ស៊ើបអង្កេតផ្ទៃក្នុងនាពេលកន្លងមកបានបង្ហាញថា ប្រព័ន្ធជជែកកម្សាន្តស្វ័យប្រវត្តិ (Chatbots) របស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន អាចទាក់ទាញកុមារឱ្យចូលរួមក្នុងការសន្ទនាដែលមានលក្ខណៈស្នេហា ឬផ្លូវភេទ ដែលបញ្ហានេះបានទាក់ទាញការយកចិត្តទុកដាក់ និងការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពីសភា។ ទោះជាយ៉ាងណាក៏ដោយ ល្បឿននៃការបង្កើតច្បាប់ និងបទប្បញ្ញត្តិស្ដង់ដារបច្ចុប្បន្ន នៅតែមិនទាន់អាចតាមទាន់ល្បឿននៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃ AI នៅឡើយទេ។

លោក Siegel បានគូសបញ្ជាក់ថា AI អាចបង្កហានិភ័យធ្ងន់ធ្ងរជាច្រើនដល់កុមារ រាប់ចាប់តាំងពីបញ្ហាប្រឈមនៃជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ការគំរាមកំហែងដល់ការធ្វើអត្តឃាត រហូតដល់បាតុភូតថយចុះនៃសមត្ថភាពគិត (Cognitive Offloading)។ បាតុភូតនេះកើតឡើងនៅពេលដែលកុមារ និងយុវជនពឹងផ្អែកលើ AI ទាំងស្រុងដើម្បីឆ្លើយសំណួរ ឬដោះស្រាយបញ្ហាផ្សេងៗ ដែលនាំឱ្យសមត្ថភាពនៃការគិតពិចារណា និងការវិភាគដោយខ្លួនឯងត្រូវចុះថយជាលំដាប់។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោក Siegel បានសម្រេចចិត្តចូលរួមជាមួយអង្គការ Common Sense Media ដោយទទួលតំណែងជានាយកប្រតិបត្តិដំបូងគេនៃ "វិទ្យាស្ថានសុវត្ថិភាព AI សម្រាប់យុវជន" (Youth AI Safety Institute)។ បេសកកម្មចម្បងរបស់វិទ្យាស្ថាននេះ គឺការស្រាវជ្រាវ វាយតម្លៃផលប៉ះពាល់នៃការប្រើប្រាស់ AI លើកុមារ និងបង្កើតស្តង់ដារសុវត្ថិភាពឯករាជ្យមួយ ដើម្បីធានាថាការអភិវឌ្ឍបច្ចេកវិទ្យានេះមានភាពទទួលខុសត្រូវ និងមិនបង្កគ្រោះថ្នាក់ដល់ក្មេងៗ។

លោកបានស្នើឱ្យក្រុមហ៊ុន AI ធំៗដូចជា OpenAI, Anthropic និង Google ចាត់វិធានការជាបន្ទាន់ ដោយរួមមានការរឹតបន្តឹងប្រព័ន្ធផ្ទៀងផ្ទាត់អាយុអ្នកប្រើប្រាស់ឱ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់កុមារមិនឱ្យចូលប្រើប្រាស់ Chatbot ដែលមិនសមស្រប។ លើសពីនេះ លោកបានណែនាំឱ្យ Google បង្កើតជម្រើសដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ឬអាណាព្យាបាលអាចបិទមុខងារ AI Overviews នៅក្នុងម៉ាស៊ីនស្វែងរក (Search) បានដោយងាយស្រួល៕

Khcct banner

អត្ថបទទាក់ទង