ភ្នំពេញ៖ លោក នីកូឡាស ខត (Nicolas Court) ប្រធានក្រុមសម្របសម្រួលនៃអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (Interpol) បានថ្លែងអំណរគុណចំពោះការអញ្ជើញអង្គការ Interpol ឱ្យចូលរួមក្នុង «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅកម្ពុជា។ តំណាងឱ្យអង្គការ Interpol ដែលមានសមាជិក ១៩៦ ប្រទេស លោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជានាពេលថ្មីៗនេះ។ លោកបានបញ្ជាក់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលសកលស្តីពីការឆបោកនៅទីក្រុងវីយែន ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសផ្សេងទៀតក្នុងការអនុវត្តសកម្មភាពប្រឆាំងបទល្មើសនេះ។
លោកបានបន្ថែមថា ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ការជូនដំណឹង (Notices) របស់ Interpol ពាក់ព័ន្ធនឹងបទល្មើសអនឡាញបានកើនឡើងជាង ៥០%។ អង្គការ Interpol ក៏បានកត់សម្គាល់ឃើញថា ក្រុមឆបោកនៅកម្ពុជាបានផ្លាស់ប្តូរទម្រង់ប្រតិបត្តិការ ដោយបំបែកចេញពីទីតាំងធំៗទៅជាទីតាំងតូចៗស្មុគស្មាញ ដែលធ្វើឱ្យអាជ្ញាធរមានការលំបាកជាងមុនក្នុងការស្រាវជ្រាវ និងបង្ក្រាប។
តាមការវាយតម្លៃចុងក្រោយ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានក្លាយជាបទល្មើសធំបំផុតនៅលើពិភពលោក ដែលបណ្តាលឱ្យខាតបង់ថវិកាជាផ្លូវការជាង ៣៤០ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ ហើយចំនួនពិតប្រាកដអាចច្រើនជាងនេះឆ្ងាយណាស់។ ទោះបីជាចំនួននៃការចាប់ខ្លួនជនល្មើសមានការកើនឡើងក៏ដោយ ប៉ុន្តែចំនួនជនរងគ្រោះ និងទំហំនៃការខាតបង់ក៏នៅតែបន្តកើនឡើងដូចគ្នា។ បទល្មើសនេះមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ និងការគ្រប់គ្រងរបស់រដ្ឋាភិបាលទៀតផង។
ជាចុងក្រោយ លោក នីកូឡាស ខត បានសម្តែងនូវមោទនភាពក្នុងការបន្តគាំទ្រកម្ពុជា និងបណ្តាប្រទេសជាសមាជិក។ លោកថា កាលពីឆ្នាំមុន អង្គការ Interpol បានជួយប្រទេសជាសមាជិកបង្កកថវិកាបានជាង ៣៥០ លានដុល្លារ ផ្អាកគណនីធនាគារជិត ៧០ ម៉ឺនគណនី និងបានជួយប្រជាពលរដ្ឋជាង ៦.០០០ នាក់ឱ្យទទួលបានប្រាក់របស់ពួកគេត្រឡប់មកវិញ៕