Swift cc time

មន្ត្រីជំនាញ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៣១ករណី នៅឧទ្យានជាតិគិរីរម្យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ ក្រសួងបរិស្ថាន

កំពង់ស្ពឺ៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» បានសរុប ៣១ករណី ក្នុងនោះមានទាំងការបោះបង្គោលហ៊ុមព័ទ្ធដីខុសច្បាប់ កាប់គាស់ កាប់រំលំ បំផ្លាញព្រៃឈើជាដើម។

បើតាមក្រសួងបរិស្ថាន បានបញ្ជាក់ថា បទល្មើសទាំងនោះរួមមាន៖ បោះបង្គោលហ៊ុមព័ទ្ធ ក្នុងគោលបំណងដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដកហូតផ្ទៃដីទំហំប្រមាណ ១២.៨៣ហិកតា ចំនួន ២២ករណី, កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធ ដកហូតផ្ទៃដីទំហំប្រមាណ ២.៥០ហិកតា ចំនួន ៤ករណី, ចាប់ដោយដាក់អន្ទាក់សត្វព្រៃ ដកហូតអន្ទាក់ ចំនួន១៥ខ្សែ (សត្វស្វាងាប់ ចំនួន១ក្បាល ជាប់អន្ទាក់) ចំនួន ១ករណី, កាប់រំលំ បំផ្លាញព្រៃឈើ ដកហូតឈើប្រភេទលេខ២(ស្រល់) ៦ដើម ចំនួន ២ករណី និងការរុករាន ទន្ទ្រានដី សង់រោង យកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត ចំនួន ២ករណី។

សកម្មភាពចុះបង្ក្រាបបទល្មើស របស់មន្ត្រីឧទ្យានុរក្សនៅឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ» គឺជាផ្នែកមួយនៃការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដើម្បីការពារធនធានធម្មជាតិ និងទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានដាក់ចេញជំហានទី២ ការអនុវត្តច្បាប់ ២.១ ដែលជាវិធានការគន្លឹះដ៏ម៉ឺងម៉ាត់មួយ ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា ឱ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ៕

Khcct banner

អត្ថបទទាក់ទង