ជប៉ុន៖ មនុស្សប្រមាណមនុស្ស ៤ នាក់បានស្លាប់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីព្យុះទីហ្វុង ឌូជូអាន បានវាយប្រហារទីក្រុងតូក្យូ និងខេត្តជុំវិញដោយមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំងក្លា។ព្យុះនេះបានបង្កឱ្យមានការដាច់ចរន្តអគ្គិសនីប៉ះពាល់ដល់មនុស្ស ៥០,០០០ នាក់ និងបណ្តាលឱ្យមានការផ្អាកជើងហោះហើររាប់រយជើង។ ការបញ្ជាឱ្យជម្លៀសខ្លួនភាគច្រើនត្រូវបានលុបចោលនៅថ្ងៃអង្គារ ខណៈដែលព្យុះបានផ្លាស់ទីចេញឆ្ងាយពីឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសជប៉ុន។អាជ្ញាធរបានព្រមានព្យុះនេះនឹងគំរាមគំហែងដល់ពលរដ្ឋដែលរស់នៅតំបន់រងគ្រោះ និងបានជំរុញឱ្យមនុស្សចំនួន ១,៩ លាននាក់ផ្លាស់ទីទៅកាន់ទីជម្រកសុវត្ថិភាពជាបន្ទាន់។
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន ករណីស្លាប់ទាំងនោះគឺបណ្តាលមកពីការបាក់ដីនៅក្នុងខេត្ត Kanagawa និងខេត្ត Chiba។ ស្ថានីយ៍ទូរទស្សន៍សាធារណៈ NHK បានរាយការណ៍ថា មនុស្ស ៦ នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបាត់ខ្លួន។ ព្យុះ ឌូជូអាន មានល្បឿនខ្យល់បក់ថេរ ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់រហូតដល់ ១៩៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះទីហ្វុងនេះគឺជាព្យុះចុងក្រោយបង្អស់នៅក្នុងចំណោមព្យុះនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលកាន់តែមានកម្លាំងខ្លាំងឡើងដោយសារតែបាតុភូត "super El Niño" ដែលបានធ្វើឱ្យសីតុណ្ហភាពទឹកសមុទ្រកើនឡើង និងជំរុញឱ្យមានការបង្កើតព្យុះ។ អាជ្ញាធរបានណែនាំឱ្យសាធារណជនយកចិត្តទុកដាក់លើព័ត៌មានអំពីអាកាសធាតុ។
គួររម្លឹកថាព្យុះ ឌូជូអាន ដែលជាព្យុះទីហ្វុងទី ២៥ របស់ប្រទេសជប៉ុនក្នុងឆ្នាំនេះ បានវាយប្រហារចំពេលមានថ្ងៃឈប់សម្រាករយៈពេល ៥ ថ្ងៃ និងបានបង្ខំឱ្យមានការលុបចោលព្រឹត្តិការណ៍ជាច្រើន។ការប្រគុំតន្ត្រីដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទក្នុងពិធីបុណ្យតន្ត្រី "Rock in Japan" ត្រូវបានលុបចោល ខណៈដែលព្រឹត្តិការណ៍ "Tokyo Game Show" ដែលជាពិព័រណ៍ហ្គេមវីដេអូ ក៏បានលុបចោលកម្មវិធីនៅថ្ងៃចន្ទ៕