Swift cc time

ក្រុមហ៊ុនឡានអគ្គិសនី BYD ប្រកាសប្រមូលរថយន្តចូលវិញ ១៨ម៉ឺនគ្រឿងក្រោយមានបញ្ហាហ្រ្វាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ក្រុមហ៊ុនឡានអគ្គិសនី BYD កំពុងប្រមូលត្រឡប់មកវិញនូវរថយន្តអគ្គិសនីចំនួន ១៨៣,២១១ គ្រឿងនៃស៊េរី Qin និង Tang នៅក្នុងប្រទេសចិន ដោយសារតែផ្នែកមួយចំនួននៅក្នុងឈ្នាន់ហ្វ្រាំងកំពុងតែមានបញ្ហា។ អាជ្ញាធរគ្រប់គ្រងទីផ្សាររបស់ប្រទេសចិន រដ្ឋបាលរដ្ឋសម្រាប់គ្រប់គ្រងទីផ្សារ (SAMR) បានឱ្យដឹងថា ការប្រមូលរថយន្តត្រឡប់មកវិញរបស់ BYD នេះប៉ះពាល់ដល់រថយន្តម៉ូដែល Qin និង Tang ដែលផលិតនៅចន្លោះឆ្នាំ ២០១៤ និង ២០២២ ដោយក្នុងការផលិតលើផ្នែកទ្រនាប់ឈ្នាន់ហ្វ្រាំង (brake pedal stop buffers) មួយចំនួន អាចបង្កហានិភ័យនៃការដាច់ ឬរបូតចេញនៅពេលប្រើប្រាស់យូរទៅ។

បើតាមការចេញផ្សាយរបស់ Reuters វិធានការនេះធ្វើឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការប្រមូលរថយន្តត្រឡប់មកវិញយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងទីផ្សាររថយន្តរបស់ប្រទេសចិន។ កាលពីខែសីហា ស្ថាប័ន SAMR បានប្រកាសវិធានការដែលពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតចំនួន ១១ ហើយក៏មាន រថយន្តជាង ៤ លានគ្រឿងត្រូវបានប៉ះពាល់ដោយបញ្ហាទាក់ទងនឹងការមើលមិនឃើញ ឬដំណើរការនៃប្រព័ន្ធបើកទ្វារក្នុងករណីអាសន្ន (mechanical door emergency releases) ដែលរួមមានម៉ូដែលពីរថយន្ត Tesla, Xiaomi, Leapmotor, Xpeng និង Zeekr។

ជាមួយគ្នានេះដែរនៅខែសីហា ក្រុមហ៊ុនផលិតនេះបានលក់រថយន្តថាមពលថ្មី (NEVs) ចំនួន ៤៤០,២៩៣ គ្រឿងនៅទូទាំងពិភពលោក ដែលរួមមានទាំងរថយន្តអគ្គិសនីសុទ្ធ និងរថយន្តប្រភេទ plug-in hybrid។ ជាមួយនឹងការលក់រថយន្តដឹកអ្នកដំណើរដើរដោយថាមពលថ្មអគ្គិសនី (BEVs) ចំនួន ២៥៦,២៣០ គ្រឿង BYD បានបំបែកកំណត់ត្រាដោយលក់បានលើសពី ២៥០,០០០ គ្រឿងក្នុងរយៈពេលតែមួយខែជាលើកដំបូង៕

Khcct banner

អត្ថបទទាក់ទង