ភ្នំពេញ៖ «ភូមិហ្វ្រង់កូហ្វូនី» ជាព្រឹត្តិការណ៍អម «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ នឹងនាំមកនូវសកម្មភាពសំខាន់ៗជាច្រើនទាំងផ្នែកសម្តែងសិល្បៈ និងទស្សនីយភាពវប្បធម៌ ស្តង់ពិព័រណ៍ ភូមិអាហារហ្វ្រង់កូហ្វូនីជាដើម។
ក្រសួងទេសចរណ៍ សហការជាមួយក្រសួងការបរទេស ក្រសួងកិច្ចការនារី និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ដោយនឹងនាំមកនូវសកម្មភាពសំខាន់ៗចំនួន៥ រួមមាន ទី១៖ ទីតាំងរៀបចំពន្លាជាតិរបស់ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ (OIF) ទី២៖ ទីតាំងសម្តែងសិល្បៈ និងទស្សនីយភាពវប្បធម៌ប្រចាំថ្ងៃ ដែលរៀបចំដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងបើកឱកាសឱ្យមានការចូលរួមសម្តែងពីប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី។
បន្ថែមពីនេះ សកម្មភាពទី៣៖ ទីតាំងរៀបចំសន្និសីទ និងសិក្ខាសាលា សម្រាប់ក្រសួង ស្ថាប័នសាធារណៈ ប្រទេសជាសមាជិក អង្គការហ្វ្រង់កូហ្វូនី និងស្ថាប័នពាក់ព័ន្ធ ទី៤៖ ទីតាំងរៀបចំស្តង់ពិព័រណ៍ទូទៅរបស់ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ស្តង់ ទី៥៖ ទីតាំងរៀបចំភូមិអាហារហ្វ្រង់កូហ្វូនី ដែលបើកឱកាសឱ្យមានការចូលរួមតាំងបង្ហាញម្ហូបអាហារ ខ្មែរ និងម្ហូបអាហារនៃបណ្តាប្រទេសហ្វ្រង់កូហ្វូនី និងសកម្មភាពអមជាច្រើនទៀត។
ក្រសួងទេសចរណ៍ បានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធ ចូលរួមព្រឹត្តិការណ៍នេះតាមរយៈការរៀបចំស្តង់ពិព័រណ៍ ពិសេសនៅតំបន់ទី៤ និងទី៥ ដើម្បីតាំងបង្ហាញសមិទ្ធផល ស្នាដៃ ផលិតផល និងសេវាកម្ម ការតាំងបង្ហាញម្ហូបអាហារ និងសកម្មភាពនានា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម និងការ ចុះឈ្មោះចូលរួម សូមចូលទៅកាន់តំណភ្ជាប់៖ https://forms.gle/9WafN9udLvggVA9K6 ឬទំនាក់ទំនង តាមរយៈអ៊ីមែល [email protected] ឬទូរសព្ទលេខ +855 10 678.272 (Telegram ឬ WhatsApp)៕