Swift cc time

ស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធលួចផ្តល់ទីតាំងជួយឧក្រិដ្ឋជនOnline Scams

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកឧត្ដមសេនីយ៍ត្រី​ អ៊ុំ​ សុផល​ ស្នងការរង​ខេត្ត​បន្ទាយ​មានជ័យ ទទួលផែនការការងារព្រំដែនគោក

បន្ទាយមានជ័យ៖ លោកឧត្ដមសេនីយ៍ត្រី​ អ៊ុំ​ សុផល​ ស្នងការរង​ខេត្ត​បន្ទាយ​មានជ័យ ទទួលផែនការការងារព្រំដែនគោក​ នៅថ្ងៃទី ២១ កញ្ញា ម្សិលមិញ ត្រូវបានកម្លាំងក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួន ក្រោយសង្ស័យថា បានលួចផ្តល់អគារចំនួន ២កន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ដើម្បីជួយឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

យោងតាមរបាយការណ៍ បានរកឃើញថា លោកឧត្ដមសេនីយ៍ត្រី​ អ៊ុំ​ សុផល ជាម្ចាស់ទីតាំងអគារចំនួន ២ទីតាំង៖ អគារទី១ កម្ពស់ ៥ជាន់ មាន ១៧២ បន្ទប់ និងហល ១ និង អគារទី២ កម្ពស់ ២ជាន់ មាន ៥៩បន្ទប់ និងហល ៤ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam)។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានរកឃើញ ជនជាតិថៃ ១៧៤ នាក់ (ស្រី្ត ៦៧នាក់), បង់ក្លាដេស ១០នាក់ (ប្រុស), ឥណ្ឌូនេស៊ី ៨នាក់ (ប្រុស), ហ្វីលីពីន ៣នាក់ (ស្រី្ត), ចិន ២នាក់ (ប្រុស), ឥណ្ឌា ២នាក់ (ស្រី្ត ១នាក់), ម៉ាឡេស៊ី ១នាក់ (ប្រុស) ព្រមទាំងជនជាតិខ្មែរចំនួន ២៣នាក់ (ស្រី្ត ១៥នាក់)។ជនបរទេសទាំងនោះ ត្រូវបានបញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត , ស្នងការដ្ឋាននគរបាលខេត្ត និង នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ 

ក្នុងប្រតិបត្តិការបង្គ្រាបនោះ សមត្ថកិច្ចបានរឹបអូស និងដកហូតសម្ភារសង្ស័យមួយចំនួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឱ្យជំនាញបន្តនីតិវិធីច្បាប់ ព្រមទាំងបានសម្រេចបិទទីតាំងអគារទាំងពីរជាបណ្តោះអាសន្ន រហូតមានការជូនដំណឹងជាថ្មី។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ នៅព្រឹកថ្ងៃទី ២២ កញ្ញានេះថា ករណីនេះបច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងពិនិត្យនីតិវិធីនានា ឈានទៅផ្អាកការងាររបស់លោកឧត្ដមសេនីយ៍ត្រី​ អ៊ុំ​ សុផល​ ដើម្បីបើកផ្លូវឱ្យតុលាការ បន្តនីតិវិធីតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបទីតាំងបទល្មើស Online Scam ចំនួន ៦៦៣ទីតាំង ដោយក្នុងចំណោមនោះ បានបិទ និងគ្រប់គ្រងមណ្ឌលឆបោកចំនួន ៨៦ទីតាំង(scam compounds) ដើម្បីឈានទៅរឹបអូសតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។ ទន្ទឹមគ្នានេះ ថវិកាជាង ៣០០លានដុល្លារអាមេរិក នៅក្នុងគណនីធនាគារ ក៏ត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិផ្សេងទៀត ដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់៕

Khcct banner

អត្ថបទទាក់ទង