Swift cc time

ទាហានកូរ៉េខាងត្បូង ៣នាក់ រងរបួសក្នុងហេតុការណ៍ផ្ទុះមួយនៅជាប់ព្រំដែនកូរ៉េខាងជើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ទាហានមកពីកងពលថ្មើរជើងទី ៥ នៃកងទ័ពជើងគោក កំពុងធ្វើការល្បាតតាមព្រំដែន រួមជាមួយមនុស្សយន្តដែលមានជើងបួន នៅក្បែរតំបន់ព្រំដែនរវាងកូរ៉េទាំងពីរ ក្នុងស្រុក Yeoncheon ខេត្ត Gyeonggi 

សេអ៊ូល៖ ការផ្ទុះមួយបានធ្វើឱ្យមន្ត្រីយោធាកូរ៉េខាងត្បូងចំនួន ៣ នាក់រងរបួសកាលពីថ្ងៃចន្ទ នៅខាងក្នុងតំបន់គ្មានយោធា (DMZ) ដែលមានការការពារយ៉ាងតឹងរ៉ឹង និងជាតំបន់ខណ្ឌចែករវាងកូរ៉េទាំងពីរ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា ការផ្ទុះនេះបានកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការមួយ (ដែលមិនបានបញ្ជាក់លម្អិត) នៅជិតខ្សែបន្ទាត់ខណ្ឌចែកយោធា ក្នុងផ្នែកខាងលិចនៃតំបន់ទ្រនាប់ព្រំដែន ដែលគេស្គាល់ជាទូទៅថាជា DMZ។ ក្រសួងបានឱ្យដឹងថា មូលហេតុនៃការផ្ទុះនេះមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។

មន្ត្រីកូរ៉េខាងត្បូងមិនបានបញ្ជាក់ថា តើការផ្ទុះនេះអាចបណ្តាលមកពីមីនដែលកូរ៉េខាងជើងបានកប់ទុកដែរឬទេ ខណៈដែលកូរ៉េខាងជើងបានបន្ថែមការដាក់មីន របាំងការពាររថក្រោះ និងការកសាងបន្ទាយការពារនៅជួរមុខផ្សេងទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅពេលដែលទំនាក់ទំនងរវាងគូប្រជែងទាំងពីរដែលបែកបាក់ដោយសារសង្គ្រាម បានធ្លាក់ចុះយ៉ាងខ្លាំង។ ក្រសួងការពារជាតិនៅទីក្រុងសេអ៊ូលមិនបានឆ្លើយតបភ្លាមៗទេ នៅពេលដែលទីភ្នាក់ងារព័ត៌មាន Associated Press (AP) បានសួរថាតើហេតុការណ៍នេះបានជំរុញឱ្យយោធាបង្កើនសន្តិសុខព្រំដែនដែរឬទេ។

យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង មន្ត្រីពីរនាក់ត្រូវបានដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រចេញពីកន្លែងកើតហេតុ ខណៈដែលម្នាក់ទៀតត្រូវបានដឹកជញ្ជូនតាមផ្លូវគោកជាមុនសិន មុនពេលត្រូវបានដឹកជញ្ជូនបន្តតាមឧទ្ធម្ភាគចក្រ។ មន្ត្រីទាំងនោះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យយោធាមួយកន្លែងនៅជិតរដ្ឋធានីសេអ៊ូល។

គួរម្លឹកថាតំបន់តំបន់គ្មានយោធា DMZ (Demilitarized Zone) ដែលមានប្រវែង ២៤៨ គីឡូម៉ែត្រ (១៥៥ ម៉ាយ) និងទទឹង ៤ គីឡូម៉ែត្រ (២,៥ ម៉ាយ) គឺជាព្រំដែនមួយក្នុងចំណោមព្រំដែនដែលមានការដាក់ពង្រាយអាវុធយ៉ាងច្រើនបំផុតនៅលើពិភពលោក។ គេប៉ាន់ប្រមាណថាមានមីនប្រហែល ២ លានគ្រាប់ត្រូវបានកប់នៅខាងក្នុងដី និងនៅជិតតំបន់ព្រំដែននេះ ដែលត្រូវបានការពារផងដែរដោយរបងលួសបន្លា របាំងរារាំងរថក្រោះ និងកងទ័ពប្រយុទ្ធពីភាគីទាំងពីរ។ តំបន់នេះគឺជាកេរដំណែលនៃសង្គ្រាមកូរ៉េពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ ដែលបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែមិនមែនជាសន្ធិសញ្ញាសន្តិភាពឡើយ៕

Khcct banner

អត្ថបទទាក់ទង