ចិន៖ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio កាលល្ងាចពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអំពាវនាវឱ្យប្រទេសចិន និងសហរដ្ឋអាម៉េរិកត្រៀមខ្លួនឱ្យបានល្អសម្រាប់ដំណាក់កាលបន្ទាប់នៃការផ្លាស់ប្តូរកម្រិតខ្ពស់ ដោយឈរលើស្មារតីនៃសមភាព ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ លោក Wang បានប្រាប់អាម៉េរិកទៀតថា ទំនាក់ទំនងទ្វេភាគីកំពុងដំណើរការទៅតាមគន្លងនៃស្ថិរភាពយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនា ដែលបានកំណត់ដោយប្រមុខរដ្ឋទាំងពីរ ដែលនេះជួយឆ្លើយតបទៅនឹងការរំពឹងទុករបស់សហគមន៍អន្តរជាតិ។
បើតាមលោក វ៉ាងយី ការទូតកម្រិតប្រមុខរដ្ឋដើរតួនាទីជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងរវាងចិន និងអាម៉េរិក ហើយប្រទេសទាំងពីរគួរតែពង្រឹងការទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការ គ្រប់គ្រងភាពខុសគ្នា និងគោរពផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។ លោកក៏បានជំរុញឱ្យប្រទេសទាំងពីរផ្ញើសារជាវិជ្ជមានមួយថា ចិន និងអាម៉េរិកប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងប្រកបដោយលក្ខណៈស្ថាបនា និងស្ថិរភាពយុទ្ធសាស្ត្រ ព្រមទាំងរួមគ្នាលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក។
គួររម្លឹកថាចាប់តាំងពីប្រធានាធិបតីអាម៉េរិក លោក Donald Trump បានចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២៥ មក ប្រធានាធិបតី លោក Xi Jinping និងលោក Trump បានជួបពិភាក្សាគ្នាដោយផ្ទាល់ចំនួនពីរដង និងបានសន្ទនាតាមទូរស័ព្ទចំនួនប្រាំដង ព្រមទាំងបានផ្លាស់ប្តូរលិខិតជាច្រើនទៅវិញទៅមក។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Trump មកកាន់ប្រទេសចិនកាលពីខែឧសភា លោក Xi និងលោក Trump បានឯកភាពគ្នាលើចក្ខុវិស័យថ្មីមួយក្នុងការកសាងទំនាក់ទំនងចិន-អាម៉េរិកប្រកបដោយលក្ខណៈស្ថាបនា និងស្ថិរភាពយុទ្ធសាស្ត្រ ដែលផ្តល់នូវការណែនាំជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលបីឆ្នាំខាងមុខ និងលើសពីនេះ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៥ ខែឧសភា ស្តីពីកិច្ចប្រជុំកំពូលចិន-អាម៉េរិក និងការយល់ដឹងរួមគ្នា លោក Wang បាននិយាយថា លោក Xi នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាម៉េរិកនៅសប្តាហ៍ក្រោយតាមការអញ្ជើញរបស់លោក Trump៕