ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា លោកអាចនឹងពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នាពេលឆាប់ៗនេះ ដើម្បីដោះស្រាយដំណាក់កាលចុងក្រោយនៃការចរចាពន្ធគយលើទំនិញថៃ និងស្នើសុំអត្រាពន្ធអនុគ្រោះពិសេស។ លោក អនុទីន បានគូសបញ្ជាក់ថា ប្រសិនបើមានឱកាស លោកនឹងលើកយកកិច្ចខិតខំប្រឹងប្រែងរបស់ថៃក្នុងការបញ្ចប់ជម្លោះ និងការអនុវត្តការប្តេជ្ញាចិត្តក្រោមសេចក្តីថ្លែងការណ៍រួមរវាងថៃ និងកម្ពុជា រួមទាំងប្រតិបត្តិការបោសសំអាតមីន និងការបង្ក្រាបបណ្តាញឆបោកតាមអនឡាញ (Scammers) មកធ្វើជាអំណះអំណាងសំខាន់ក្នុងការចរចា។
បើតាមកាសែតថៃ Khaosod លោក អនុទីន បានសង្កត់ធ្ងន់ថា «យើងបានធ្វើអ្វីៗគ្រប់យ៉ាងតាមអ្វីដែលលោកធ្លាប់បានលើកឡើង ទាំងការបោសសំអាតមីន និងការបង្ក្រាបក្រុមឆបោក។ ដូច្នេះ ខ្ញុំនឹងសួរលោកថា តើប្រទេសថៃនឹងទទួលបានការអនុគ្រោះអត្រាពន្ធពិសេសនេះដែរឬទេ»។ លោកបានបន្ថែមថា ការចរចារវាងតំណាងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានឈានដល់កម្រិតមួយ ដែលកិច្ចសន្ទនាផ្ទាល់រវាងប្រមុខដឹកនាំទាំងពីរអាចជួយដោះស្រាយបញ្ហាដែលនៅសេសសល់ចុងក្រោយបានយ៉ាងមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា ការប្រកាសពីផែនការជជែកផ្ទាល់នេះ បានធ្វើឡើងបន្ទាប់ពីរងនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthumpun បានរាយការណ៍ថា ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកជិតឈានដល់ទីបញ្ចប់ និងកំពុងស្តែងចេញនូវលទ្ធផលវិជ្ជមាន៕