វៀតណាម៖ ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យទឹកទន្លេនៅភាគខាងជើង និងភាគកណ្តាលនៃប្រទេសវៀតណាមហក់ឡើងយ៉ាងគំហុក បណ្តាលឱ្យលិចលង់ផ្ទះសម្បែង និងបង្ខំឱ្យមានការជម្លៀសប្រជាពលរដ្ឋជាបន្ទាន់នៅរដ្ឋធានីហាណូយ និងខេត្តថាញ់ហ្វា (Thanh Hoa)។ ផ្អែកតាមទិន្នន័យត្រឹមល្ងាចថ្ងៃទី ១៧ ខែកញ្ញា របស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម គ្រោះធម្មជាតិនេះបានសម្លាប់មនុស្ស ៣ នាក់នៅក្នុងគ្រួសារតែមួយ ដោយសារករណីបាក់ដីនៅឃុំដាប៉ាក់ (Da Bac) ខេត្តភូថោះ (Phu Tho) និងធ្វើឱ្យផ្ទះសម្បែងជាង ១៦,៣០០ ខ្នងរងការលិចលង់។
សារព័ត៌មាន VNExpress បានរាយការណ៍ថា ផលប៉ះពាល់បានរីករាលដាលយ៉ាងខ្លាំងលើផ្នែកកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្ទៃដីស្រូវ និងដំណាំរួមផ្សំជាង ២៤,៦០០ ហិកតា ព្រមទាំងផ្ទៃដីវារីវប្បកម្មជាង ១,១៧៥ ហិកតា ត្រូវរងការលិចលង់ និងខូចខាតធ្ងន់ធ្ងរ។ បន្ថែមពីនេះ បណ្តាញផ្លូវគោក និងផ្លូវដែកជាច្រើនខ្សែត្រូវកាត់ផ្តាច់ ដោយមានចំណុចបាក់ដី និងទឹកលិចជាង ៤០ កន្លែង រួមទាំងខ្សែផ្លូវដែករវាងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ ដែលត្រូវបានទឹកលិចជម្រៅប្រមាណ ១ ម៉ែត្រ បង្ខំឱ្យអាជ្ញាធរត្រូវផ្លាស់ប្តូរមកដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកជំនួសវិញ។
ជាការឆ្លើយតប គណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិលវៀតណាម បានណែនាំឱ្យក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ជាពិសេសនៅរដ្ឋធានីហាណូយ ខេត្តនិញប៊ិញ (Ninh Binh) ខេត្តថាញ់ហ្វា និងខេត្តភូថោះ ត្រូវតាមដានស្ថានភាពអាកាសធាតុយ៉ាងយកចិត្តទុកដាក់ និងដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់។ អាជ្ញាធរវៀតណាម ត្រូវបានតម្រូវឱ្យប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ប្រឈមគ្រោះថ្នាក់ និងត្រួតពិនិត្យប្រព័ន្ធទំនប់ទឹក ដើម្បីទប់ស្កាត់គ្រោះមហន្តរាយបន្ថែមទៀត៕