អាម៉េរិក៖ អ្នកបើកបរយន្តហោះចម្បាំង F-16 របស់សហរដ្ឋអាម៉េរិកម្នាក់ បានលោតចេញពីយន្តហោះដោយសុវត្ថិភាព មុនពេលយន្តហោះនោះធ្លាក់នៅភាគខាងជើងរដ្ឋមីឈីហ្គែន កាលពីរសៀលថ្ងៃព្រហស្បតិ៍។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុក Grand Traverse នៅពេលដែលយន្តហោះចម្បាំងនោះ «ជួបបញ្ហា» អំឡុងពេលហោះហើរហ្វឹកហាត់ជាប្រចាំ។
បើតាមលោក Michael Kroll ដែលជាអ្នកនាំពាក្យរបស់នាយកដ្ឋានកិច្ចការយោធា និងអតីតយុទ្ធជនរដ្ឋមីឈីហ្គែនបានបញ្ជាក់ថា យន្តហោះនោះគឺជាប្រភេទ F-16 មកពីកងកម្លាំង Air National Guard នៃរដ្ឋ Texas។លោកថាក្រោយពីលោតចុះ អ្នកបើកបរយន្តហោះមានស្ថានភាពសុខភាពល្អធម្មតា ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។លោកបន្តថា បេសកកម្មហ្វឹកហាត់នេះបានចាប់ផ្តើមចេញពីមជ្ឈមណ្ឌលហ្វឹកហាត់ត្រៀមប្រយុទ្ធ (Combat Readiness Training Center) របស់កងកម្លាំង Air National Guard ក្នុងទីក្រុង Alpena រដ្ឋ Michigan ដោយមូលហេតុនៃការធ្លាក់ពិតប្រាកដកំពុងតែស៊ើបអង្កេត។
ចំណែកលោកស្រី Nicole Blonshine ដែលជាប្រធានរដ្ឋបាលស្រុក Blair (Blair Township Supervisor) បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា មិនមានសេចក្តីរាយការណ៍អំពីការរងរបួសរបស់ប្រជាពលរដ្ឋនៅក្នុងហេតុការណ៍ដែលបានកើតឡើងក្នុងតំបន់លំនៅដ្ឋាននេះទេ។ លោកស្រី Blonshine ថាលោកស្រីមិនបានឃើញផ្ទាល់ភ្នែកនូវពេលយន្តហោះធ្លាក់នោះទេ ប៉ុន្តែបានឮសំឡេងពីការិយាល័យរបស់លោកស្រី។
វីដេអូនៅលើបណ្តាញសង្គមដែលត្រូវបានផ្ទៀងផ្ទាត់ដោយ NBC News បានបង្ហាញពីផ្សែងខ្មៅហុយឡើងក្បែរផ្ទះមួយខ្នងក្នុងតំបន់ដែលគេរាយការណ៍ថាមានការធ្លាក់យន្តហោះ។ ប៉ូលិសរដ្ឋបានឱ្យដឹងថា ការធ្លាយសារធាតុគីមីដែលមានគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងការធ្លាក់យន្តហោះនេះ បានតម្រូវឱ្យមានការជម្លៀសប្រជាជនចេញពីអាជីវកម្ម និងលំនៅដ្ឋានទាំងអស់នៅក្នុងរង្វង់ចម្ងាយ ១ ម៉ាយល៍ (ប្រហែល ១,៦ គីឡូម៉ែត្រ)។
កងទ័ពអាកាសអាម៉េរិកបញ្ជាក់ដែលថា យន្តហោះចម្បាំង F-16 Fighting Falcon គឺជាយន្តហោះចម្បាំងដែលមានទំហំតូច និងអាចបំពេញបេសកកម្មបានច្រើនប្រភេទ ដែលមានសមត្ថភាពបត់បែនបានយ៉ាងល្អប្រសើរ មានសមត្ថភាពក្នុងការប្រយុទ្ធគ្នានៅលើអាកាស និងការវាយប្រហារពីលើអាកាសទៅលើគោលដៅនៅលើដីជាដើម៕