Swift cc time

កូរ៉េខាងត្បូង អនុញ្ញាតឱ្យប្រើ «ថ្នាំរំលូតកូន» ជាលើកដំបូង សម្រាប់ស្ត្រីដែលមានផ្ទៃពោះរហូតដល់ ៩ សប្តាហ៍ ដើម្បីលើកកម្ពស់សិទ្ធិ និងសុវត្ថិភាពស្ត្រី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសផែនការអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំរំលូតកូនជាលើកដំបូងត្រឹមត្រីមាសទី ១ នៃឆ្នាំ ២០២៧ ខាងមុខនេះ សម្រាប់ស្ត្រីដែលមានផ្ទៃពោះរហូតដល់ ៩ សប្តាហ៍ ដើម្បីលើកកម្ពស់សិទ្ធិ សុវត្ថិភាព និងសុខភាពរបស់ស្ត្រី។ វិធានការនេះធ្វើឡើងដើម្បីអនុម័តពាក្យសុំនាំចូលថ្នាំរួមផ្សំ (Mifepristone និង Misoprostol) របស់ក្រុមហ៊ុនក្នុងស្រុកមួយ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae Myung) បានណែនាំឱ្យស្វែងរកដំណោះស្រាយផ្លូវច្បាប់កាលពីខែកក្កដា កន្លងទៅ។ ក្នុងរយៈពេល ២ ឆ្នាំដំបូងនៃការអនុវត្ត ថ្នាំនេះនឹងត្រូវចេញវេជ្ជបញ្ជា និងផ្តល់ជូនដោយផ្ទាល់ពីគ្រូពេទ្យនៅតាមមន្ទីរពេទ្យកូរ៉េខាងត្បូងតែប៉ុណ្ណោះ។

យោងតាមការចេញផ្សាយរបស់កាសែត AP News ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីតុលាការធម្មនុញ្ញកូរ៉េខាងត្បូងបានលុបចោលបម្រាមប្រឆាំងនឹងការរំលូតកូនកាលពីឆ្នាំ ២០១៩ ប៉ុន្តែសភាជាតិនៅមិនទាន់បានកែសម្រួលច្បាប់ពាក់ព័ន្ធនៅឡើយ ដោយសារមានការប្រឆាំងយ៉ាងខ្លាំងពីក្រុមសាសនា និងក្រុមអភិរក្សនិយម។ ចន្លោះប្រហោងផ្លូវច្បាប់នាពេលកន្លងមក បានបង្ខំឱ្យស្ត្រីមួយចំនួនស្វែងរកទិញថ្នាំរំលូតកូនតាមអនឡាញដែលគ្មានការបញ្ជាក់សុវត្ថិភាព។

រដ្ឋមន្ត្រីក្រសួងសមភាពយេនឌ័រ លោកស្រី វ៉ុន មីនក្យុង (Won Min-kyong) បានគូសបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ថ្នាំនេះជាជំហានដ៏សំខាន់មួយ ដើម្បីធានាថាការបញ្ចប់ផ្ទៃពោះត្រូវបានធ្វើឡើងដោយសុវត្ថិភាពនៅក្នុងប្រព័ន្ធថែទាំសុខភាពជាតិ។

ផែនការនេះបានបង្កឱ្យមានការជជែកដេញដោលយ៉ាងក្តៅគគុក ដោយក្រុមសិទ្ធិស្ត្រីបានទាមទារឱ្យរដ្ឋាភិបាលជួយសម្រួលការចំណាយតាមរយៈប្រព័ន្ធធានារ៉ាប់រងសុខភាពជាតិ ខណៈគណៈកម្មាធិការ មេដឹកនាំសាសនានិកាយកាតូលិកកូរ៉េបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា វិធានការនេះនឹងធ្វើឱ្យបាត់បង់ការគោរពតម្លៃជីវិតមនុស្ស។ ចំណែក សមាគមគ្រូពេទ្យឆ្មប និងរោគស្ត្រីកូរ៉េបានអំពាវនាវឱ្យមានការបង្កើតច្បាប់ការពារបច្ចេកទេស និងផ្លូវច្បាប់ឱ្យបានច្បាស់លាស់ មុនពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីធានាសុវត្ថិភាពអ្នកជំងឺ និងការពារគ្រូពេទ្យពីហានិភ័យផ្សេងៗ៕

Khcct banner

អត្ថបទទាក់ទង