Swift cc time

បាក់រលំអណ្តូងរ៉ែមាសនៅស៊ូដង់ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៨២នាក់ស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ស៊ូដង់៖ ចំនួនអ្នកស្លាប់ពីការបាក់រលំអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែងនៅតំបន់ដាច់ស្រយាលនៃប្រទេសស៊ូដង់ បានកើនឡើងដល់ ៨២នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានជួបការលំបាកក្នុងការស្វែងរកអ្នកបាត់ខ្លួនកាលពីថ្ងៃពុធ ដោយសារកង្វះខាតឧបករណ៍។ អ្នករស់រានមានជីវិតបានបញ្ជាក់ថា ការបាក់រលំនេះបានកើតឡើងនៅអណ្តូងរ៉ែមាស al-Zara ក្នុងទីក្រុង Nuhud នៃខេត្ត West Kordofan ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងពាក់កណ្តាលយោធា Rapid Support Forces (RSF) របស់ស៊ូដង់។

បើតាមលោក Suleiman Abu Hmeida ដែលជាសមាជិកនៃក្រុម Emergency Response Rooms (ក្រុមឆ្លើយតបបន្ទាន់) បាននិយាយថា អ្នកជួយសង្គ្រោះបានស្រង់សាកសពចំនួន ៨២នាក់ចេញមកក្រៅនៅរសៀលថ្ងៃពុធ ដោយមនុស្សរាប់សិបនាក់ទៀតនៅតែមិនទាន់ដឹងពីជោគវាសនានៅឡើយនោះទេ។

គួររម្លឹកថាអណ្តូងរ៉ែមាស al-Zara គឺជាអណ្តូងរ៉ែមួយក្នុងចំណោមអណ្តូងរ៉ែខ្នាតតូច និងក្រៅប្រព័ន្ធរាប់ពាន់កន្លែងដែលរាយប៉ាយពាសពេញប្រទេសស៊ូដង់ ដែលជាប្រទេសកំពុងជួបវិបត្តិសង្គ្រាម ហើយពេលខ្លះសង្គ្រាមនេះបានបង្កឱ្យមានគ្រោះទុរ្ភិក្សនៅក្នុងតំបន់មួយចំនួននៃប្រទេស។ ទោះបីជាស៊ូដង់ជាប្រទេសផលិតមាសដ៏សំខាន់មួយក៏ដោយ ប៉ុន្តែហេតុការណ៍បាក់រលំអណ្តូងរ៉ែដែលបណ្តាលឱ្យមានអ្នកស្លាប់ គឺជាករណីដែលកើតឡើងជាញឹកញាប់នៅក្នុងប្រទេសដែលមិនសូវមានការអនុវត្តស្តង់ដារសុវត្ថិភាពទូលំទូលាយនេះ។ ដោយក៏ធ្លាប់កើតមានហេតុការណ៍បាក់រលំអណ្តូងរ៉ែមួយកាលពីឆ្នាំ ២០២៣ បានសម្លាប់កម្មកររ៉ែចំនួន ១៤ នាក់ ហើយហេតុការណ៍មួយទៀតកាលពីឆ្នាំ ២០២១ បានឆក់យកជីវិតមនុស្សចំនួន ៣៨ នាក់៕

Khcct banner

អត្ថបទទាក់ទង