វៀតណាម៖ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃនៅទូទាំងខេត្ត និងភាគកណ្តាលរបស់វៀតណាមបានបង្កជាទឹកជំនន់ភ្លាមៗដែលមានកម្ពស់រហូតដល់ ១,៧ ម៉ែត្រ នៅលើដងផ្លូវក្នុងខេត្ត Nghe An តំបន់កណ្តាលប្រទេសវៀតណាម ដែលធ្វើឱ្យភូមិចំនួន ៧ ដែលមានប្រជាពលរដ្ឋជាង ៣.០០០ នាក់ ត្រូវបានកាត់ផ្តាច់ពីការធ្វើដំណើរ និងបង្កឱ្យមានការបាក់ដី។ លោក Nguyen Van Truong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Quynh Van បានអះអាងកាលពីល្ងាចថ្ងៃទី ១៦ ខែកញ្ញាថា ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាបានធ្វើឱ្យទឹកហូរចូលផ្ទះប្រជាពលរដ្ឋមួយចំនួន និងបង្កជាទឹកជំនន់នៅតាមតំបន់នានាក្នុងឃុំ។ លោកថាអាជ្ញាធរមូលដ្ឋានបានចល័តកម្លាំងនគរបាល និងយោធា ដើម្បីជួយប្រជាពលរដ្ឋក្នុងការផ្លាស់ប្តូរទីលំនៅរបស់របរទៅកាន់ទីទួលខ្ពស់ និងផ្លាស់ទីទ្រព្យសម្បត្តិមានតម្លៃទៅកាន់ទីតាំងដែលមានសុវត្ថិភាព។
លោក Truong បានបញ្ជាក់ទៀតថា៖ «នៅព្រឹកនេះ ការត្រួតពិនិត្យរបស់មន្រ្តីជំនាញបានបង្ហាញថា ទឹកបានចាប់ផ្តើមស្រកចុះជាច្រើនហើយ។ អាជ្ញាធរមូលដ្ឋាននៅតែបន្តដាក់ពង្រាយគ្រឿងចក្រ និងឧបករណ៍នានា ដើម្បីសម្អាតផ្លូវទឹក និងកែលម្អប្រព័ន្ធបង្ហូរទឹក។ លោកថានៅក្នុងឃុំ Tam Thai ស្ពានបណ្តោះអាសន្ន និងផ្លូវឆ្លងកាត់តំបន់ទឹកទាបមួយចំនួនត្រូវបានទឹកជន់លិចយ៉ាងខ្លាំង រហូតមិនអាចធ្វើដំណើរឆ្លងកាត់បាន ដោយទឹកជំនន់នេះបានកាត់ផ្តាច់ភូមិចំនួន ៧ ដែលមានប្រជាពលរដ្ឋសរុបជាង ៣.០០០ នាក់ (ស្មើនឹង ៦៣១ គ្រួសារ) និងសាលារៀនចំនួន ២ កន្លែង។
ក្រៅពីនេះផ្លូវខេត្តចំនួន ៥ ដែលឆ្លងកាត់ឃុំ Minh Hop, Quynh Tam, Hung Chan និងឃុំ Tam Thai ក៏ត្រូវបានជន់លិចផងដែរ ដោយកម្ពស់ទឹកមានចាប់ពី ០,៤៥ ទៅ ១,៣ ម៉ែត្រ។ កម្រិតទឹកជំនន់ខ្ពស់បំផុតត្រូវបានកត់ត្រានៅចំណុចផ្លូវឆ្លងកាត់តំបន់ទំនាប Xang Dau (ត្រង់គីឡូម៉ែត្រទី ២៧+៩៥០) លើផ្លូវខេត្តលេខ ៥៣៨ ក្នុងឃុំ Quynh Tam ដែលកម្ពស់ទឹកឡើងដល់ប្រហែល ១,៧ ម៉ែត្រ។ អាជ្ញាធរបានបិទផ្លូវនៅតាមទីតាំងដែលរងការជន់លិចខ្លាំង និងបានដាក់ពង្រាយបុគ្គលិកដើម្បីទប់ស្កាត់មិនឱ្យយានយន្តបើកចូលទៅក្នុងផ្នែកដែលមានគ្រោះថ្នាក់៕