អាម៉េរិក៖ លោក Vorapak Tanyawong ដែលជាអតីតអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ និងជាបុគ្គលម្នាក់ក្នុងចំណោមមនុស្ស ២៦នាក់ និងក្រុមហ៊ុនពីរ ដែលត្រូវបានសមាជិកសភាអាម៉េរិកកំណត់គោលដៅដាក់ទណ្ឌកម្ម ដោយសារមានការពាក់ព័ន្ធនឹងក្រុមបោកប្រាស់ SCAM ONLINE នៅអាស៊ីអាគ្នេយ៍។ យោងតាមលិខិតមួយដែលមានហត្ថលេខារបស់សមាជិកសភាសំខាន់ៗមកពីគណបក្សសាធារណរដ្ឋ (Republicans) បានជំរុញយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាបបន្ថែមទៀតលើទីតាំងបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅក្រៅប្រទេស និងមនុស្សដែលបានពាក់ព័ន្ធបោកយកប្រាក់រាប់ពាន់លានដុល្លារពីជនរងគ្រោះជាជនជាតិអាម៉េរិកជារៀងរាល់ឆ្នាំ។
នៅក្នុងលិខិតនោះដែលផ្ញើនៅថ្ងៃទី ១៥ ខែកញ្ញា ទៅកាន់រដ្ឋមន្ត្រីការបរទេសអាម៉េរិក Marco Rubio និងរដ្ឋមន្ត្រីក្រសួងរតនាគារ Scott Bessent ស្នើក្នុងការដាក់ទណ្ឌកម្មលើបុគ្គលដែលស្ថិតក្នុងការពាក់ព័ន្ធបទល្មើសអនឡាញស្កេម។ លោក Vorapak បានលាលែងពីតំណែងជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ កាលពីខែតុលាឆ្នាំមុន បន្ទាប់ពីមានរបាយការណ៍ភ្ជាប់រូបលោកទៅនឹងប្រតិបត្តិការជាបន្តបន្ទាប់ ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងភាគច្រើននៅក្នុងក្រុមហ៊ុន Finansia X ដែលជាក្រុមហ៊ុនឈ្មួញជើងសារ និងធនាគារវិនិយោគចុះបញ្ជីនៅក្នុងផ្សារហ៊ុនថៃ (SET)។ លោក Vorapak បានបដិសេធការចោទប្រកាន់ទាំងនេះ និងបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌពីបទបរិហារកេរ្តិ៍នៅក្នុងប្រទេសថៃ៕