កោះកុង៖ ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ បានបង្ហាញកំណត់ត្រាជាប្រវត្តិសាស្រ្តដំបូងបំផុតសម្រាប់តំបន់ការពារ និងអភិរក្ស នៃភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង ក្រោយប្រទះឃើញថនិកសត្វដ៏កម្របំផុតចំនួន ៣ប្រភេទ ត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។
បើតាមក្រសួងបរិស្ថាន ថនិកសត្វដ៏កម្របំផុតចំនួន ៣ប្រភេទនេះ កំពុងរងគ្រោះថ្នាក់ជិតផុតពូជ ដែលមានដូចជា សត្វក្ដាន់ សត្វសំពោចធំ សត្វភេរោមច្រមុះ។
ការឃើញនេះ គឺតាមរយៈរូបថត និងវីដេអូជាច្រើនត្រូវបានថតពីចន្លោះខែតុលា ឆ្នាំ២០២៥ ដល់ ខែមករា ឆ្នាំ២០២៦ ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់នោះ ដែលជាកិច្ចសហការរួមគ្នារវាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី(FCEE) និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)៕