Swift cc time

មោទកភាពចំពោះគណៈប្រតិភូកម្ពុជា៖​ ការពារផលប្រយោជន៍ជាតិដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កិច្ចប្រជុំលើកដំបូងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ រវាងគណៈកម្មការផ្សះផ្សា និងកម្ពុជា-ថៃ ក្នុងនីតិវិធីផ្សះផ្សាក្រោមមាត្រា២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់នៅប្រទេសសិង្ហបុរី។

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងដំណើរការនេះ គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា បានចូលរួមបង្ហាញជំហររបស់កម្ពុជា តាមរយៈច្បាប់អន្តរជាតិ ការទូត ការសន្ទនា និងមធ្យោបាយដោះស្រាយវិវាទដោយសន្តិវិធី។ ការចូលរួមក្នុងនីតិវិធីផ្សះផ្សានេះ ត្រូវបានចាត់ទុកថា ជាការប្រើប្រាស់យន្តការដែលមានចែងក្នុង UNCLOS ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ជាជាងការបង្កើនភាពតានតឹងរវាងភាគីទាំងពីរ។

អ្វីដែលគួរឱ្យកត់សម្គាល់ មិនមែនត្រឹមតែការចូលរួមក្នុងកិច្ចប្រជុំមួយនោះទេ ប៉ុន្តែជាការបង្ហាញថា កម្ពុជាជ្រើសរើសច្បាប់ជំនួសការប្រឈមមុខ និងជ្រើសរើសការទូតជំនួសការបង្កើនភាពតានតឹង។ នេះក៏ស្របនឹងជំហរដែលកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចក្នុងការស្វែងរកដំណោះស្រាយវិវាទជាមួយប្រទេសជិតខាងដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនេះ ការបង្ហាញឆន្ទៈសុចរិត ឬ Good Faith របស់ភាគីពាក់ព័ន្ធ គួរត្រូវបានវាស់វែងតាមរយៈសកម្មភាពជាក់ស្តែង៖ ការចូលរួមក្នុងដំណើរការដោយស្ថាបនា ការអនុវត្តកិច្ចព្រមព្រៀង និងវឌ្ឍនភាពដែលអាចវាស់វែងបានឆ្ពោះទៅរកដំណោះស្រាយ។

ទោះបីកិច្ចប្រជុំលើកដំបូងបានបញ្ចប់ ប៉ុន្តែដំណើរការផ្សះផ្សាទើបតែចាប់ផ្តើម។ អ្វីដែលសំខាន់បន្ទាប់គឺការបន្តរក្សាភាពម៉ឺងម៉ាត់ អត់ធ្មត់ និងប្រើប្រាស់ច្បាប់អន្តរជាតិ និងការទូត ដើម្បីឆ្ពោះទៅរកដំណោះស្រាយមួយដែលមានសន្តិភាព និងយូរអង្វែងសម្រាប់ប្រទេសជិតខាងទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង