Swift cc time

កញ្ញា ខុន រក្សា៖ លើសពីសិល្បៈ «ការថតរូប និងរូបថត» គឺជាល្បោយនៃជីវិត និងជាបំណែកនៃការចងចាំ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
ប្រភព៖ គម្រោងផង់
ភ្នំពេញ៖ កញ្ញា ខុន រក្សា គឺជាអ្នកផលិតភាពយន្តឯករាជ្យ និងជាអ្នកថតរូប ព្រមទាំងជាស្ថាបនិកនៃគម្រោងផង់។ សព្វថ្ងៃនេះ កញ្ញាកំពុងតែដាក់ពិព័រណ៍រូបភាពអំពីជីវភាពរស់នៅក្នុងអគារអង្គរមានជ័យកាលពីឆ្នាំ ២០២២ ដែលជាស្នាដៃរបស់កញ្ញាផ្ទាល់ មានឈ្មោះថារន្ធទន្សាយ។ ជាមួយគ្នានេះ កញ្ញាយល់ថា ការថតរូប និងរូបភាពគឺវាលើសពីសិល្បៈ ព្រោះការថតរូបធ្វើឱ្យកញ្ញាមើលឃើញ និងរៀនពីអ្វីថ្មីៗ និងបន្ថែមអត្ថន័យឱ្យជីវិត។ វីឯ រូបថតវិញគឺជាវត្ថុដែលប្រាប់រឿងរ៉ាវជាច្រើន នៃរបស់ដែលបាត់ទៅហើយ និងរក្សាទុកបំណែកនៃការចង់ចាំដែលមនុស្សបានឃើញ។

ប្រភព៖ គម្រោងផង់

នៅក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ កញ្ញា រក្សា បានថ្លែងថា កញ្ញាគឺជាអតីតសិស្សនៅសិក្សាផ្នែកផលិតភាពយន្តឯកសារនៅ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ហើយជានិស្សិតផ្នែក ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ (Media Management) នៅ ដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាបន្តថា កាលពីកន្លងមកកញ្ញាមិនដែលមានក្តីស្រមៃចង់ថតរូបទេ ប៉ុន្តែនៅកំឡុងពេលកូវីដ ១៩ កញ្ញាបានចាប់ផ្តើមថតរូប ហើយការចាប់ផ្ដើមនេះ បានធ្វើឱ្យកញ្ញាយល់ថា ការថតរូបជាល្បោយនៃជីវិតដែលអាចអោយមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន សិក្សាពីចំណេះដឹងថ្មីៗ និងអាចប្រាប់រឿងរ៉ាវដទៃទៀតតាមរយៈរូបថត។

ប្រភព៖ គម្រោងផង់

កញ្ញារក្សា បន្តថា កញ្ញាផុសគំនិតក្នុងការបង្កើតគម្រោងផង់នេះឡើងមក ដោយសារតែការទស្សនាពិព័រណ៌ របស់និស្សិតនៃសាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ។ នៅក្នុងពេលនោះ កញ្ញាសាកល្ល្បងដោយផ្ទាល់នូវគ្រឿងអ្នករបាំខ្មែរ និងរៀនដោយផ្ទាល់ពីសិល្បៈរបស់ខ្មែរ ដែលជម្រុញឱ្យកញ្ញាកាន់តែស្រលាញ់សិល្បៈខ្មែរ និងចង់ចែករំលែកបន្ត។ ដូច្នេះហើយ កញ្ញាក៏មានបង្កើត “គម្រោងផង់” ក្នុងគោលបំណងបង្កើតបរិវេណច្នៃប្រឌិតមួយ ដែលយុវជន សាធារណជន និងអ្នកសិល្បៈអាចជួបគ្នា សិក្សាពីសិល្បៈ និងទទួលបានបទពិសោធន៍ដោយផ្ទាល់ដៃពីសិល្បៈតាមរយៈ សិក្ខាសាលាតូចៗ និងការតាំងពិព័រណ៍ជាដើម។ កញ្ញាជឿជាក់ថា នៅពេលដែលអ្នកផ្សេងគេបានឃើញ បើទោះបីមិនមានជំនាញទាក់ទងនឹងសិល្បៈ គេនឹងទទួលបានបទពិសោធន៍ដែលដកក្នុងចិត្ត ហើយពួកគេនឹងចាប់ផ្តើមស្រលាញ់សិល្បៈខ្មែរកាន់តែច្រើនជាងមុន។

ប្រភព៖ គម្រោងផង់

កញ្ញាបន្ថែមថា នៅក្នុងគម្រោងផង់ ដែលមានការមានឧបត្ថម្ភទាំងស្រុងដោយអង្គការសិល្បៈខ្មែរអមតៈ តាមរយៈគម្រោងដាំដុះនេះ មានគម្រោងតូចៗពីរគឺរគម្រោង គឺសិក្ខាសាលាដុំដី ដែលបង្រៀនពីការថតរូបដោយប្រើទូរស័ព្ទដៃ និងការទស្សនកិច្ចនៅតាមឌឿងហែម ដែលមានការចូលរូមសហការណ៍ពី ASEAN Youth organization ព្រមទាំងការពិព័រណ៌រន្ធទន្សាយ ដែលបង្ហាញពីទិដ្ឋភាពរស់នៅរបស់ប្រជាជននៅក្នុងអគារអង្គរមានជ័យនៅក្នុងឆ្នាំ ២០២២។ កញ្ញានិយាយថា ៖ “អ្នកខ្លះលឺព័ត៌មាន អ្នកខ្លះជិះកាត់ តែពួកគេមិនដឹងពីរបៀបរបបរស់នៅ និងទិដ្ឋភាពជីវិតនៅក្នុងអគារហ្នឹងបែបណានោះទេ ទើបកញ្ញាចង់យកការតាំងពិព័រណ៌នេះ ដើម្បីបង្ហាញគេឱ្យគេឃើញពីទិដ្ឋភាពរបស់អ្នករស់នៅខាងក្នុងអគារ” ។

ប្រភព៖ គម្រោងផង់

កញ្ញាប្រាប់បន្តប្រាប់មកកាន់ស៊ីស៊ីថាមស៍ថា ការដាក់ឈ្មោះពិព័ណ៍ថារន្ធទន្សាយនេះ ព្រោះកញ្ញាគិតថា វាហាក់ដូចជាការផ្សងព្រេងពេលដែលទៅថត មើលឃើញពីទិដ្ឋភាពថ្មីក្នុងអគារចំណាស់ ការជួបរឿងរ៉ាវដែលមិននឹកស្មានមិនដល់ក្នុងអគារចំណាស់ និងការចាប់ផ្តើមស្គាល់គ្នា ព្រមទាំងបង្កើតទំនាក់ទំនងជាមួយប្រជាជននៅទីនោះ ថ្វីត្បិតតែអគារនេះ នៅសល់តែក្នុងការចងចាំក៏ពិតមែន ប៉ុន្តែរូបថតទាំងនេះ គឺជាអន្សាវរីយ៍របស់ក្រុមគ្រួសារដែលរស់នៅទីនោះ”

បន្ថែមពីនេះ កញ្ញាក៏បានជួបនូវឧបសគ្គមួយចំនួនកំឡុងពេលរៀបចំតាំងពិព័រណ៍ ដូចជាការពិបាករកទីតាំងក្នុងការដាក់បង្ហាញ និងពិបាកបែងចែកពេលវេលា។ ប៉ុន្តែ កញ្ញានៅតែជម្នះបានព្រោះទទួលបានគាំទ្រពីមិត្តភក្តិ និងគ្រួសារ និងបានរៀនបានមេរៀនថ្មីជាច្រើនពីការតាំងពិព័រណ៍មួយនេះ។

កញ្ញារក្សា យល់ថា គម្រោងផង់ នេះ គឺទទួលបានផល វិជ្ជមានច្រើន ជាពិសេសសិក្ខាសាលាដុំដី ដោយកញ្ញាសង្កេតឃើញថា សិក្ខាកាមដែលចូលរួមមានស្មារតីចង់ចេះ ចង់ដឹង ពីការថតរូប ទទួលបានគំនិតច្រើនពីកម្មវិធី ព្រមទាំងចង់ឱ្យមានសិក្ខាសាលាពីសិល្បៈថ្មីៗបន្តទៀត។ ហើយសម្រាប់បច្ចុប្បន្ននេះ ការតាំងពិព័រណ៍ ក៏ទទួលបានការគាំទ្រសមល្មមផងដែរ។ នៅពេលខាងមុខទៀតកញ្ញា មានគម្រោងចង់បន្តធ្វើសិក្ខាសាលាតូចៗពីសិល្បៈបន្ថែមទៀត ដើម្បីអោយយុវជនបានស្វែងយល់ពីសិល្បៈ និង បង្កើតសកម្មភាពច្នៃប្រឌិតនៅក្នុងសហគមន៍ ដែលក្នុងនោះមានដូចជារបាំបុរាណ សាក់យ័ន្ត ប្រពៃណីផ្សេងៗ និងគ្រឿងភ្លេងខ្មែរផងដែរ។

ប្រភព៖ គម្រោងផង់

ជាចុងក្រោយ កញ្ញាចង់លើកទឹកចិត្តឱ្យយុវជនបានផ្សារភ្ជាប់ខ្លួនជាមួយសិល្បៈខ្មែរឱ្យបានច្រើន និង ចូលរួមក្នុងកម្មវិធីដែលពួកគាត់អាចអនុវត្តផ្ទាល់ដៃ ទោះបីជាគាត់សិក្សាជំនាញ និងមានមុខរបរខុសពីសិល្បៈក៏ដោយ ព្រោះសិល្បៈជាអត្តសញ្ញាណ និង កេរដំណែល ហើយក្រៅពីនោះ សិល្បៈក៏ជាកន្លែងសម្រាក និងបន្ធូរអារម្មណ៍ពីជីវិតដែលមមាញឹកផងដែរហើយអាចផ្សាភ្ជាប់សង្គមមនុស្សទៅនឹងសហគមន៍ដែលគេរស់នៅ ព្រមទាំងយុវជនដទៃ ហើយក៏ជាធ្នាក់ក្នុងការផ្សារភ្ជាប់សង្គម ជាមួយអត្តសញ្ញាណរបស់ខ្លួនថែមទៀតផង៕

Khcct banner

អត្ថបទទាក់ទង