វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកកំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវក្រោយពីបានជាប់ដៃបន្តប្រយុទ្ធគ្នាជាមួយអ៊ីរ៉ង់អស់ជាងកន្លះឆ្នាំរាប់ចាប់តាំងពីចុងខែ កុម្ភៈ ឆ្នាំ ២០២៦ នេះមក។ អគ្គអធិការនៃក្រសួងការពារជាតិអាម៉េរិកបានបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីថ្ងៃចន្ទថាខ្លួនកំពុងតែខ្វះខាតគ្រាប់រំសែវ ដែលការលើកឡើងបែបនេះផ្ទុយពីការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ថាមានស្តុកគ្រាប់រំសេវពេញលេញក្នុងការបន្តប្រយុទ្ធគ្នាជាមួយអ៊ីរ៉ង់។
យោងតាមរបាយការណ៍ជាកាតព្វកិច្ចដែលធ្វើឡើងជាលើកដំបូងជូនសភានិងដកស្រង់ផ្សាយដោយទីភ្នាងារ CNA បានរាយការណ៍ថាអគ្គអធិការនៃក្រសួងការពារជាតិអាម៉េរិករូបនេះបានឱ្យដឹងថា ចន្លោះថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែមិថុនា ប្រតិបត្តិការ Epic Fury (OEF) មានការចំណាយប៉ាន់ស្មានចំនួន ៣៣,៤ ពាន់លានដុល្លារអាម៉េរិក ដែលក្នុងនោះ ២២,៣ ពាន់លានដុល្លារត្រូវបានចំណាយលើគ្រាប់រំសេវដែលបានប្រើប្រាស់ ហើយការចំណាយគ្រាប់រំសេវសម្រាប់ប្រតិបត្តិការ OEF បាននាំឱ្យមានការខ្វះខាតស្តុកយុទ្ធសាស្ត្រ និងបង្កបញ្ហាកកស្ទះដល់ឧស្សាហកម្មសម្រាប់ការផ្គត់ផ្គង់គ្រាប់រំសេវឡើងវិញ។
លោកបន្ថែមទៀតថា ដើម្បីដោះស្រាយបញ្ហាខ្វះខាត និងការពន្យារពេលទាំងនេះ ក្រសួងការពារជាតិអាមេរិក (Pentagon) កំពុង ខិតខំសម្រួលដំណើរការលទ្ធកម្ម និងកាត់បន្ថយពេលវេលាផលិត ព្រមទាំងស្តុកទុកនូវសម្ភារៈសំខាន់ៗ គ្រឿងបន្លាស់ និងគ្រាប់រំសេវមួយចំនួនឡើងវិញរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថា ការពង្រីកសមត្ថភាពផលិតកម្ម ទាមទារឱ្យមានពេលវេលាយូរគួរសម ដោយការខ្វះខាតនេះទំនងជានឹងបង្កឱ្យមានការព្រួយដោយសារតែអ៊ុយក្រែន និងកោះតៃវ៉ាន់ ដែលពឹងផ្អែកលើការទិញអាវុធពីសហរដ្ឋអាម៉េរិក បន្តបញ្ជាទិញទើបបណ្តាលឲ្យការផលិតឡើងវិញប៉ះពាល់តម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន និងមួយចំណែងទៀតលក់ទៅឲ្យប្រទេសដែលបញ្ជាទិញ៕