វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានបដិសេធការព្រួយបារម្ភដែលថា បញ្ញាសិប្បនិម្មិត (AI) អាចបំផ្លាញមនុស្សជាតិ ដោយលោកបានចាត់ទុកការព្រមានទាំងនោះថាជារឿងមិនពិត និងបានបដិសេធការអំពាវនាវជាសកលឱ្យមានការដាក់កម្រិត ឬវិធានការត្រួតពិនិត្យលើបច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ ការជំទាស់របស់លោក ត្រាំ កើតឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជាអន្តរជាតិអំពី AI ដោយសូម្បីតែថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនក៏បានលើកឡើងថា ការអភិវឌ្ឍប្រព័ន្ធបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ (super-intelligence) គួរតែត្រូវបានបន្ថយល្បឿន។
លោក ប្រធានាធិបតីត្រាំ បានបញ្ជាក់ថាសហរដ្ឋអាម៉េរិកមិនអាចបណ្តោយឱ្យខ្លួនឯងចាញ់ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាជាមួយប្រទេសគូប្រជែងគឺចិនបានឡើយ លោក ត្រាំ បានសរសេរនៅក្នុងសារជាបន្តបន្ទាប់នៅលើបណ្តាញសង្គម Truth Social របស់លោកអំពីប្រធានបទ AI នេះថា៖ ការដែលថា AI នឹងគ្រប់គ្រងពិភពលោក បំផ្លាញមនុស្សជាតិ និងរឿងអាក្រក់ផ្សេងទៀតនោះ គឺជារឿងមិនពិត។ លោកសង្គត់ធ្ងន់ថា លោកប្រធានាធិបតីចិន លោក ស៊ី (Xi) ទើបតែបានប្រកាសថា ប្រទេសចិននឹងមិនធ្វើអ្វីដើម្បីរារាំងដល់បច្ចេកវិទ្យា AI ឬអនាគតរបស់វាឡើយ។
លោកត្រាំថា ថ្មីៗនេះ ក្រុមហ៊ុន Google បានប្រកាសថា ខ្លួនចង់សាងសង់រោងចក្រដ៏ធំមួយនៅក្នុងប្រទេសហ្វាំងឡង់ ដោយសារតែពួកគេយល់ឃើញថា ការស្នើសុំការអនុញ្ញាតនានានៅសហរដ្ឋអាម៉េរិកមានភាពស្មុគស្មាញ និងលំបាកខ្លាំងពេក។ លោកថាមិនពេញចិត្តនឹងរឿងនេះទេ ហើយចង់ឱ្យក្រុមហ៊ុនផ្លាស់ប្តូរគំនិតរបស់ខ្លួនវិលមកផលិតនៅសហរដ្ឋអាម៉េរិកវិញ។ លោកបន្ថែមទៀតថា បច្ចេកវិទ្យា AI និងមជ្ឈមណ្ឌលទិន្នន័យ (Data Centers) នឹងក្លាយជាកម្លាំងចលករដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រវត្តិសាស្ត្រ ដែលមានសារៈសំខាន់ជាងប្រេង មាស ពេជ្រ ឬសូម្បីតែអ៊ីនធឺណិតទៅទៀត។
គួររម្លឹកថាកាលពីប៉ុន្មានថ្ងៃមុន អ្នកស្រាវជ្រាវនិងផលិតកម្មវិធី AI (Anthropic) ម្នាក់គឺលោក Jacob Coxon បានប្រកាសលាលែងពីតំណែងពីក្រុមហ៊ុនដោយសារតែការព្រួយបារម្ភថាក្រុមហ៊ុនបញ្ញាសិប្បនិម្មិត និងដៃគូប្រកួតប្រជែងរបស់ខ្លួនមិនធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវក្នុងការអភិវឌ្ឍ AI ដោយលោកបានបង្ហាញការព្រួយបារម្ភថាសក្តានុពលនៃបច្ចេកវិទ្យា AI អាចនឹងគេចផុតពីការគ្រប់គ្រងរបស់មនុស្សនាពេលអនាគត។ លោក Jacob Coxon ព្រមានទៀតថាកុំមើលស្រាលអំណាចនៃបច្ចេកវិទ្យានេះ មិនយូរប៉ុន្មានទេ ប្រព័ន្ធទាំងនេះនឹងក្លាយជាប្រព័ន្ធដ៏អស្ចារ្យដែលអាចលួចចូលអ្វីៗគ្រប់យ៉ាង អាចបដិវត្តវិស័យណាមួយក្នុងរយៈពេលមួយយប់ និងឈានទៅដល់ការសម្លាប់យើងទាំងអស់គ្នានៅចុងទសវត្សរ៍នេះ៕