Swift cc time

Tesla បង្កើតក្រុមហ៊ុនផ្លូវការនៅវៀតណាម ជាមួយដើមទុនចុះបញ្ជី ៣លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានបង្កើតក្រុមហ៊ុនផ្លូវការរបស់ខ្លួននៅវៀតណាមដែលមានឈ្មោះថា "Tesla Motors Vietnam" ដោយមានដើមទុនចុះបញ្ជីចំនួន ៧៧.៦ ប៊ីលានដុង (ប្រហែល ៣លានដុល្លារអាម៉េរិក)។ ការចុះបញ្ជីនេះគឺជាជំហានផ្លូវការដំបូងក្នុងការចូលប្រឡូកក្នុងទីផ្សាររថយន្តអគ្គិសនីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅអាស៊ីអាគ្នេយ៍។នេះបើតាមការចេញផ្សាយរបស់កាសែតVN Express។

យោងតាមច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មវៀតណាម ក្រុមហ៊ុនTesla បានចុះបញ្ជីកាលពីថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងហូជីមិញ ដោយមានអាជីវកម្មចម្បងលើការបោះដុំរថយន្ត និងយានយន្ត។ Tesla Motors Vietnam មានតំណាងស្របច្បាប់ចំនួន ៣រូប រួមមានលោក David Jon Feinstein ជាប្រធាន, អ្នកស្រី Isabel Ching Fan អគ្គនាយិការប្រតិបត្តិ (អ្នកទាំងពីរជាជនជាតិអាម៉េរិក និងជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Tesla នៅទីផ្សារបរទេស) និងលោក Nguyen Manh Hung ជនជាតិវៀតណាម។

ចំពោះផែនការវិនិយោគដ៏ធំនេះ Tesla មិនទាន់បានប្រកាសពីផែនការអភិវឌ្ឍន៍លម្អិតសម្រាប់ទីផ្សារវៀតណាមនៅឡើយទេ។ គួររំលឹកថា កាលពីខែកញ្ញាឆ្នាំមុន ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ដូចគ្នាក៏បានចុះបញ្ជីបង្កើតក្រុមហ៊ុន Starlink Services Vietnam ក្នុងវិស័យទូរគមនាគមន៍រណប នៅវៀតណាមផងដែរ៕

Khcct banner

អត្ថបទទាក់ទង