ទីក្រុងរីយ៉ាដ៖ ក្រុមហ៊ូធី (Houthis) ដែលស្ថិតក្នុងប្រទេសយេម៉ែនដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានបើកការវាយប្រហារជាថ្មីលើអារ៉ាប៊ីសាអូឌីត និងកំពុងពង្រឹងទីតាំងរបស់ខ្លួននៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសយេម៉ែនជាប់នឹងសមុទ្រក្រហម (Red Sea)។ក្រោយការវាយប្រហារជាថ្មីរបស់ក្រុមហ៊ូធី កិច្ចពិភាក្សាជាបន្ទាន់មួយត្រូវបានធ្វើឡើងភ្លាមៗនៅក្នុងទីក្រុងរីយ៉ាដ ដើម្បីស្វែងរកវិធីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហ៊ូធី។
ក្រុមហ៊ូធីបានប្រកាសកាលពីថ្ងៃច័ន្ទថា ពួកគេបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (drones) ជាច្រើនគ្រាប់ទៅលើមូលដ្ឋានទ័ពអាកាសមួយនៅទីក្រុង Khamis Mushait ភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត ដោយកំណត់គោលដៅលើឃ្លាំងយន្តហោះ ប្រព័ន្ធរ៉ាដា ផ្លូវរត់របស់យន្តហោះ និងឃ្លាំងគ្រាប់រំសេវ ដើម្បីសងសឹកចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន។
អាជ្ញាធរសាអូឌីតបានចេញការជូនដំណឹងបន្ទាន់នៅតំបន់ដែលរងការវាយប្រហារ និងនៅទីក្រុងចំនួនបីផ្សេងទៀតនៅភាគខាងត្បូង។ សម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែនបានឱ្យដឹងថា ពលរដ្ឋស៊ីវិលចំនួន ១៣ នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់ក្រុមហ៊ូធី។
គួររម្លឹកថាការវាយលុករបស់ក្រុមហ៊ូធីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងការកាន់កាប់កោះ Perim នៅត្រង់មាត់សមុទ្រក្រហម បានដាក់សម្ពាធបន្ថែមទៀតលើការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានធ្វើឱ្យបំពង់បង្ហូរប្រេងពីខាងកើតទៅខាងលិចរបស់អារ៉ាប៊ីសាអូឌីតត្រូវផ្អាកដំណើរការ។ ទីក្រុងរីយ៉ាដបានចោទប្រកាន់ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ថាជាអ្នកនៅពីក្រោយការវាយប្រហារលើបំពង់បង្ហូរប្រេងនោះ។ អារ៉ាប៊ីសាអូឌីតបានសាងសង់បំពង់បង្ហូរប្រេងដែលមានប្រវែង ១.២០០ គីឡូម៉ែត្រកាត់ទឹកដីរបស់ខ្លួនពីតំបន់ឈូងសមុទ្រទៅកាន់សមុទ្រក្រហមនៅទសវត្សរ៍ឆ្នាំ ១៩៨០ ដើម្បីជៀសវាងការជាប់គាំងនៅច្រកសមុទ្រហ័រមូស នៅពេលដែលច្រកនេះទទួលរងការគំរាមកំហែងពីសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់នៅពេលនោះ៕