ភ្នំពេញ៖ អ្នកយកព័ត៌មានរបស់ ស៊ីស៊ីថាមស៍ បានចូលរួមក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយក្រសួងថាមពលសហរដ្ឋអាម៉េរិក និងបានចោទសួរពីជំហររបស់អាម៉េរិក លើកិច្ចសហការជាមួយកម្ពុជា និងប្រទេសនៅតំបន់អាស៊ាន ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) តាមរយៈ «បេសកកម្ម Genesis» (Genesis Mission) ដើម្បីពន្លឿនការផ្ទេរទៅរកថាមពលស្អាត និងការអភិវឌ្ឍវិទ្យាសាស្ត្រ។
ជាការឆ្លើយតបលោក Danly អនុរដ្ឋមន្រ្តីក្រសួងថាមពលសហរដ្ឋអាម៉េរិក បានគូសបញ្ជាក់ថា អាម៉េរិក មានឆន្ទៈយ៉ាងមុតមាំក្នុងការចែករំលែកផ្លែផ្កានៃបច្ចេកវិទ្យា AI ទៅកាន់ពិភពលោក។លោកពន្យល់ថា «បេសកកម្ម Genesis» គឺជាគម្រោងស្ដង់ដារឈានមុខគេរបស់ក្រសួងថាមពលអាម៉េរិក ដែលប្រើប្រាស់ AI ដើម្បីពង្រឹង និងពន្លឿនការស្រាវជ្រាវវិទ្យាសាស្ត្រ។
លោកបានលើកឡើងពីគំរូនៃកិច្ចសហប្រតិបត្តិការជោគជ័យជាមួយប្រទេសជប៉ុន ដែលជាប្រទេសដំបូងគេបានចូលរួមក្នុងបេសកកម្មនេះ ហើយបានសម្តែងក្តីសោមនស្សក្នុងការបើកទូលាយកិច្ចសន្ទនាជាមួយបណ្តាប្រទេសផ្សេងទៀតដែលចង់ចាប់ដៃគូជាមួយអាម៉េរិក។
លោកថ្លែងថា "សហរដ្ឋអាម៉េរិក បានឈរនៅលើកំពូលតារាងនៃបច្ចេកវិទ្យា AI និងវិស័យកុំព្យូទ័រ ហើយនេះជាអ្វីដែលយើងចង់ចែករំលែកទៅកាន់ពិភពលោក ព្រោះថាអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ គឺផ្តល់ផលប្រយោជន៍ជាក់ស្ដែងសម្រាប់ទាំងអស់គ្នា"។
ការបើកផ្លូវរបស់សហរដ្ឋអាម៉េរិកនេះ ត្រូវគេមើលឃើញថា ជាឱកាសមាសសម្រាប់ស្ថាប័នស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការស្រូបយកបច្ចេកវិទ្យា AI ទំនើបៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុ និងបង្កើនប្រសិទ្ធភាពបណ្តាញអគ្គិសនីក្នុងតំបន់ឱ្យកាន់តែមានចីរភាព៕