Swift cc time

រុស្ស៊ី បើកការវាយប្រហារលើរថភ្លើងអ៊ុយក្រែនភ្លាមៗបន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson និងមន្ត្រីជាន់ខ្ពស់អឺរ៉ុបចាកចេញពីស្ថានីយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អតីតនាយករដ្ឋមន្រ្តីអង់គ្លេស (ឆ្វេង) 

គៀវ៖ យន្តហោះគ្មានមនុស្សបើក (drone) របស់រុស្ស៊ីបានវាយប្រហាររថភ្លើងមួយគ្រឿងនៅជិតព្រំដែនអ៊ុយក្រែន-ប៉ូឡូញ ភ្លាមៗបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងមន្ត្រីសន្តិសុខជាន់ខ្ពស់របស់អឺរ៉ុបបានធ្វើដំណើរឆ្លងកាត់ទីនោះ។ក្រោយការវាយប្រហារមិនមានសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិត ឬអ្នករបួសនោះទេ អ៊ុយក្រែនបានអះអាងថាការវាយប្រហាររបស់ដ្រូនរុស្ស៊ីនេះបានកើតឡើងនៅតំបន់ Yahodyn ដែលដ្រូនវាយប្រហារចំក្បាលម៉ាស៊ីនរថភ្លើង ដោយអ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញរួចរាល់មុនការវាយប្រហារកើតឡើង។

បើតាមទីភ្នាក់ងារ BBC បានរាយការណ៍ថាអតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson និងទីប្រឹក្សាសន្តិសុខជាតិអឺរ៉ុបផ្សេងទៀត រួមទាំងលោក Jonathan Powell (ទីប្រឹក្សាសន្តិសុខជាតិរបស់ចក្រភពអង់គ្លេស) បានធ្វើដំណើរតាមខ្សែផ្លូវដែកដដែលនោះ ប៉ុន្តែនៅលើរថភ្លើងផ្សេងគ្នា នៅពេលលោកទាំងពីរត្រឡប់មកពីកិច្ចប្រជុំមួយនៅទីក្រុងគៀវនៃប្រទេសអ៊ុយក្រែន។

រុស្ស៊ីបានអះអាងថា ខ្លួនបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅភាគខាងលិចប្រទេសអ៊ុយក្រែន ដោយក្រុមហ៊ុនផ្លូវដែកជាតិរបស់អ៊ុយក្រែនឈ្មោះ Ukrzaliznytsia បានចាត់ទុកការវាយប្រហាររបស់រុស្ស៊ីនេះផ្តោតទៅលើរថភ្លើងដឹកគណៈប្រតិភូការទូតដែលមកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។ក្រុមហ៊ុនបានបញ្ជាក់ថា រថភ្លើងនោះបានចាកចេញពីស្ថានីយមុនពេលកំណត់ ដោយសារតែការផ្លាស់ប្តូរតារាងពេលវេលា និងប្រឈមការគំរាមកំហែងឥតឈប់ឈរនៃការវាយប្រហារពីសំណាក់រុស្ស៊ី។

ក្រុមហ៊ុនផ្លូវរបស់អ៊ុយក្រែនមួយនេះអះអាងទៀតថាមានការ បញ្ជាឱ្យជម្លៀសអ្នកដំណើរនៅលើរថភ្លើងដែលរងការវាយប្រហារនោះ ត្រូវបានចេញ "ត្រឹមតែ ១៥ នាទី" ប៉ុណ្ណោះ មុនពេលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។អាជ្ញាធរផ្លូវដែកក៏បានបញ្ជាក់ដែរថា អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាម៉េរិក (CIA) លោក David Petraeus ក៏បានស្ថិតនៅលើរថភ្លើងមួយផ្សេងទៀតនៅស្ថានីយ Yahodyn ផងដែរ នៅពេលដែលមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

ទាំងអាជ្ញាធរអ៊ុយក្រែន និងប៉ូឡូញបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានវាយប្រហារនៅចម្ងាយ ២ គីឡូម៉ែត្រពីព្រំដែនប៉ូឡូញ។ អតីតនាយករដ្ឋមន្ត្រីស៊ុយអែត លោក Carl Bildt ដែលបានចូលរួមកិច្ចប្រជុំនៅទីក្រុង គៀវ ដែរនោះ បានប្រាប់ BBC ថា អ្នកដំណើរនៅលើរថភ្លើងរបស់លោកត្រូវបានគេប្រាប់ឱ្យត្រៀមខ្លួនសម្រាប់ការជម្លៀសចេញ មុនពេលដែលពួកគេត្រូវបានអនុញ្ញាតឱ្យបន្តដំណើរទៀត។ លោកបាននិយាយថា៖ នៅលើរថភ្លើងដែលខ្ញុំជិះ យើងទទួលបានបញ្ជាឱ្យត្រៀមជម្លៀសចេញបន្ទាប់ពីរថភ្លើងបានឈប់ ហើយប៉ុន្មាននាទីក្រោយមក យើងត្រូវបានគេជូនដំណឹងថាស្ថានភាពមានសុវត្ថិភាព ហើយយើងអាចបន្តដំណើរបានបន្ទាប់មក រថភ្លើងនោះបានទៅដល់ស្ថានីយព្រំដែនរបស់ប៉ូឡូញនៅតំបន់ Dorohusk ដោយសុវត្ថិភាព៕

Khcct banner

អត្ថបទទាក់ទង