ហ្សាការតា៖ ក្រុមសង្គ្រោះឥណ្ឌូណេស៊ីជាង ៦០០ នាក់ កំពុងប្រញាប់ប្រញាល់ស្វែងរកអ្នកបាត់ខ្លួនចំនួន ១២៩ នាក់ បន្ទាប់ពីនាវាដឹកអ្នកដំណើរមួយគ្រឿងបានលិចនៅក្នុងសមុទ្រ Java កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការថ្លែងរបស់មន្ត្រីសង្គ្រោះបន្ទាន់នាថ្ងៃចន្ទ ទី១៤ ខែកញ្ញានេះ ខណៈចំនួនអ្នកស្លាប់នៅរក្សាត្រឹម ៦ នាក់នៅឡើយ។
ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ប្រធានភ្នាក់ងារសង្គ្រោះបន្ទាន់ក្រុង Banjarmasin បានបញ្ជាក់ថា ប្រតិបត្តិការស្វែងរកត្រូវបានបន្តតាំងពីព្រឹកព្រលឹម ដោយមានការបញ្ជូនកម្លាំងអន្តរាគមន៍ ៦២២ នាក់ និងនាវាស្វែងរកប្រមាណ ១២ គ្រឿង។
មន្ត្រីនៃភ្នាក់ងារសង្គ្រោះជាតិ បានឱ្យដឹងថា នាវាបានទ្រេតទៅម្ខាងយ៉ាងខ្លាំង បន្ទាប់ពីរងការវាយប្រហារដោយរលកសមុទ្រខ្លាំងៗ។ រីឯរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Dudy Purwagandhi ថ្លែងថា ហេតុការណ៍លិចនាវានេះត្រូវបានរាយការណ៍ដំបូងដោយឧទ្ធម្ភាគចក្រមួយគ្រឿងដែលហោះកាត់ ហើយមូលហេតុពិតប្រាកដកំពុងស្ថិតក្នុងការស៊ើបអង្កេត។
គួររំលឹកថា នាវាឈ្មោះ Virgo Transport 8 ដែលដឹកមនុស្សសរុប ២៤៣ នាក់ ធ្វើដំណើរចេញពីទីក្រុង Surabaya ខេត្ត Java ខាងកើត ឆ្ពោះទៅកាន់ទីក្រុង Banjarmasin ខេត្ត Kalimantan ខាងត្បូង បានជួបគ្រោះថ្នាក់ក្នុងអាកាសធាតុអាក្រក់កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ។ បច្ចុប្បន្ន អាជ្ញាធរឥណ្ឌូនេស៊ីជួយសង្គ្រោះបានមនុស្សចំនួន ១០៨ នាក់ចេញពីផ្ទៃទឹក។
ប្រទេសឥណ្ឌូណេស៊ីពឹងផ្អែកខ្លាំងលើការដឹកជញ្ជូនតាមសាឡាង និងនាវាឆ្លងកាត់កោះជាង ១៧,០០០ របស់ខ្លួន ប៉ុន្តែគ្រោះថ្នាក់ផ្លូវទឹកតែងតែជួបប្រទះជាញឹកញាប់។ កាលពីខែមុន ហេតុការណ៍ឆេះសាឡាងពីរផ្សេងគ្នានៅកោះ Madura និងកោះបាលី ក៏បានបណ្តាលឱ្យមនុស្ស ៦ នាក់បាត់បង់ជីវិតផងដែរ៕