Swift cc time

លិចនាវាដឹកអ្នកដំណើរឥណ្ឌូនេស៊ីមួយគ្រឿង ស្លាប់យ៉ាងហោចម្នាក់ ជួយសង្គ្រោះបាន ១០២នាក់ និង ១៤០នាក់ទៀតបន្តបាត់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឥណ្ឌូនេស៊ី៖ មនុស្សយ៉ាងហោចម្នាក់បានបាត់បង់ជីវិត និង ១០២នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីនាវាដឹកអ្នកដំណើរឥណ្ឌូនេស៊ីមួយគ្រឿង ឈ្មោះ Virgo Transport 8 បានលិចនៅក្នុងតំបន់សមុទ្រជ្វា (Java Sea) ដោយសារជួបប្រទះអាកាសធាតុអាក្រក់។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានចាប់ផ្តើមឡើងភ្លាមៗ បន្ទាប់ពីនាវាដែលផ្ទុកមនុស្សសរុប ២៤៣នាក់នេះ បានបាត់ការទាក់ទង ខណៈពេលកំពុងធ្វើដំណើរចេញពីទីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) ឆ្ពោះទៅកាន់ទីក្រុងបានចាម៉ាស៊ីន (Banjarmasin) នៃខេត្តកាលីម៉ាន់តាន់ខាងត្បូង។ ទីតាំងចុងក្រោយរបស់នាវា ត្រូវបានគេរាយការណ៍ថា ស្ថិតនៅចម្ងាយប្រមាណ ១៥០គីឡូម៉ែត្រ ខាងត្បូងទីក្រុងបានជើម៉ាស៊ីន នៅវេលាម៉ោងប្រមាណ ២:០០ អាធ្រាត្រ នាថ្ងៃអាទិត្យនេះ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតBBC។

បច្ចុប្បន្ន នាវាសង្គ្រោះ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ត្រូវបានបម្រុងទុក និងបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីបន្តស្វែងរកអ្នកដំណើរ ១៤០នាក់ទៀតដែលកំពុងបាត់ខ្លួន។ ជាមួយគ្នានេះ អាជ្ញាធរឥណ្ឌូនេស៊ីក៏បានជូនដំណឹងដល់នាវាទាំងអស់នៅក្នុងតំបន់នោះ ឱ្យជួយតាមដាន និងរាយការណ៍ជាប្រញាប់ ប្រសិនបើប្រទះឃើញអ្នករស់រានមានជីវិត។ គួររំលឹកថា ប្រទេសឥណ្ឌូនេស៊ីមានកោះរហូតដល់ទៅជាង ១៧,០០០កោះ ហើយនាវាចរណ៍គឺជាមធ្យោបាយធ្វើដំណើរយ៉ាងសំខាន់ ប៉ុន្តែគ្រោះថ្នាក់ផ្លូវទឹកនៅតែជាបញ្ហាប្រឈមជាញឹកញាប់ ដោយកាលពីខែមុន ក៏មានហេតុការណ៍ឆេះនាវាមួយគ្រឿងនៅជិតកោះម៉ាឌូរ៉ា (Madura) ដែលបានសម្លាប់មនុស្សអស់ ៥នាក់៕

Khcct banner

អត្ថបទទាក់ទង