បន្ទាយមានជ័យ៖ លោកស្រី Aleks Zittle ភារធារីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានទៅទស្សនានៅទីតាំងសម្រាប់ប្រជាពលរដ្ឋជនភៀសសឹកកម្ពុជាដែលត្រូវបានផ្លាស់ទីលំនៅ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលការអនុវត្តជាក់ស្តែងនៃគម្រោងដែលទទួលមូលនិធិពីសហរដ្ឋអាមេរិក និង អនុវត្តដោយអង្គការ IOM។ជាមួយគ្នានោះ អាម៉េរិកបានប្តេជ្ញាបន្តគាំទ្រដល់ដំណាក់កាលបន្ទាប់របស់គម្រោងនេះ ហើយឈរជាមួយកម្ពុជា ក្នុងការធានាឱ្យមានលទ្ធផលជាក់ស្តែងពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ។
យោងតាមការចុះផ្សាយពីទូតអាម៉េរិក បានឱ្យដឹងថា អាម៉េរិកកំពុងជួយគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅដោយសារស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ ដោយផ្តល់នូវតម្រូវការចាំបាច់បំផុតដែលមានសារៈសំខាន់សម្រាប់ពួកគេ រួមមានកម្រាលផ្ទះដ៏មាំ កន្លែងងូតទឹកដែលមានសុវត្ថិភាពជាងមុន និងផ្លូវដើរដែលមានភ្លើងបំភ្លឺ។
ប្រភពដដែលបានរាយការណ៍ថា លោកស្រី Aleks Zittle ភារធារីស្ថានទូតអាម៉េរិក បានទៅទស្សនានៅទីតាំងសម្រាប់គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលការអនុវត្តជាក់ស្តែងនៃគម្រោងដែលទទួលមូលនិធិពីសហរដ្ឋអាម៉េរិក និងអនុវត្តដោយអង្គការ IOM ដែលជាលទ្ធផលជាក់ស្តែងមួយពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ហើយកំពុងឈានទៅដល់ប្រជាជនចំនួន ១០,០០០ នាក់ដែលត្រូវការជំនួយ។
ក្នុងទស្សនកិច្ចនោះ លោកស្រី បានជួបជាមួយគ្រួសារមូលដ្ឋាន មេភូមិ និងអភិបាលខេត្តបន្ទាយមានជ័យ ដែលបានប្តេជ្ញាបន្តគាំទ្រដល់ដំណាក់កាលបន្ទាប់របស់គម្រោងនេះ ហើយអាម៉េរិកឈរជាមួយកម្ពុជា ក្នុងការធានាឱ្យមានលទ្ធផលជាក់ស្តែងពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ៕