Swift cc time

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យបង្កើត«ឥរិយាបថ និងទំនាក់ទំនងល្អ»នៅកន្លែងធ្វើការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ 

កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងជំរុញឱ្យតំណាងសហគ្រាស ក្រុមហ៊ុន និង រោងចក្រ ត្រូវរួមគ្នាបង្កើតការលើកកម្ពស់ «ឥរិយាបទ និងទំនាក់ទំនងការងារ»ល្អ នៅកន្លែងធ្វើការ និងមិនត្រូវគំរាមកំហែង ប្រើពាក្យសម្ដី ឬអាកប្បកិរិយាមិនសមរម្យ និង បំពានសិទ្ធិ ឬសេចក្ដីថ្លៃថ្នូររបស់គ្នាឡើយ។ការណែនាំយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោកដឹកនាំកិច្ចប្រជុំស្ដីពី "ការលើកកម្ពស់ឥរិយាបទ និងទំនាក់ទំនងការងារ នៅកន្លែងធ្វើការ" កាលពីថ្ងៃទី ១២ កញ្ញា កន្លងទៅ។

"ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការគោរពសេចក្ដីថ្លៃថ្នូរ និងផលិតភាពការងារ គឺជាកត្តាដែលមិនអាចកាត់ផ្ដាច់ពីគ្នាបាន"។នេះគឺជាការលើកឡើងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។លោកថា បើទំនាក់ទំនងរវាងអ្នកគ្រប់គ្រង និងកម្មករនិយោជិតមានបញ្ហា បញ្ហាតូចអាចរីករាលដាលទៅជាបញ្ហាធំ និងប៉ះពាល់ដល់ផលិតកម្ម កេរ្តិ៍ឈ្មោះ និង ទំនុកចិត្តពីដៃគូពាណិជ្ជកម្ម។ ទំនាក់ទំនងការងារកើតចេញពីកិច្ចសន្យាការងារ ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចទៅវិញទៅមក។ 

បើតាមលោក ហេង សួរ បន្តថា ការប្រើសិទ្ធិ និងបំពេញកាតព្វកិច្ចត្រូវស្ថិតក្នុងដែនកំណត់នៃច្បាប់ កិច្ចសន្យាការងារ និងបទបញ្ជាផ្ទៃក្នុង។ ភាគីទាំងពីរមិនត្រូវគំរាមកំហែង ប្រើពាក្យសម្ដី ឬអាកប្បកិរិយាមិនសមរម្យ និងបំពានសិទ្ធិ ឬសេចក្ដីថ្លៃថ្នូររបស់គ្នាឡើយ។ ពាក្យសម្ដីដោយកំហឹងអាចបង្កផលប៉ះពាល់យូរ ធ្វើឱ្យបាត់បង់ទឹកចិត្ត ប៉ះពាល់សុខភាពផ្លូវចិត្ត និងទំនុកចិត្ត ហើយអាចឈានដល់ភាពតានតឹង វិវាទ ការតវ៉ា ឬការផ្អាកផលិតកម្ម។

ពាក់ព័ន្ធនឹងអ្នកគ្រប់គ្រងជនបរទេស លោក ហេង សួរ បានណែនាំឱ្យយល់ពីភាពខុសគ្នានៃភាសា និងវប្បធម៌ ដើម្បីចៀសវាងការយល់ច្រឡំ។ អ្នកបកប្រែត្រូវបំពេញតួនាទីដោយត្រឹមត្រូវ ពេញលេញ អព្យាក្រឹត និងប្រកបដោយវិជ្ជាជីវៈ។ ការគ្រប់គ្រងធនធានមនុស្សត្រូវគោរពគោលការណ៍មិនរើសអើង ដោយសេចក្ដីសម្រេចផ្អែកលើមូលហេតុស្របច្បាប់ លក្ខណៈសម្បត្តិ សមត្ថភាព និងលទ្ធផលការងារ មិនមែនលើពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា ទស្សននយោបាយ កំណើត ដើមកំណើតសង្គម ឬសកម្មភាពសហជីពឡើយ។ ការជេរប្រមាថ គំរាមកំហែង អំពើឃោរឃៅ ឬការវាយដំ គឺជាកំហុសធ្ងន់តាមច្បាប់ស្ដីពីការងារ។

លោក បានអំពាវនាវឱ្យគ្រប់ភាគីពិនិត្យប្រព័ន្ធគ្រប់គ្រង និងដោះស្រាយបញ្ហាមុនពេលឈានដល់ការតវ៉ា ឬការផ្សព្វផ្សាយតាមបណ្ដាញសង្គម។ ក្រសួងនឹងបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ បណ្ដុះបណ្ដាល ត្រួតពិនិត្យ និងគាំទ្រការកែតម្រូវនៅតាមសហគ្រាស ព្រមទាំងស្នើឱ្យសហគ្រាសបញ្ជូនបុគ្គលទទួលបន្ទុករដ្ឋបាល និងធនធានមនុស្សមកទទួលការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិការងារ៕


Khcct banner

អត្ថបទទាក់ទង