Swift cc time

យូនីសេហ្វ បន្តប្តេជ្ញាជួយ«កុមារកម្ពុជា»រងគ្រោះពីជម្លោះព្រំដែន អាចទទួលបានការស្តារស្មារតីឡើងវិញ និងបន្តក្រសោបចំណេះដឹង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ អង្គការយូនីសេហ្វប្រចាំកម្ពុជា

ឧត្តរមានជ័យ៖ ស្លាកស្នាមដែលបន្សល់ទុកពីជម្លោះព្រំដែននាពេលថ្មីៗនេះ មិនត្រឹមតែប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ះពាល់ដល់ការសិក្សា និងសុខភាពផ្លូវចិត្តរបស់កុមារផងដែរ។ អគារសិក្សាដែលរងការខូចខាតនៅខេត្តឧត្តរមានជ័យ គឺជាភស្តុតាងមួយបង្ហាញពីផលប៉ះពាល់ដែលជម្លោះបានបន្សល់ទុកលើកុមារ និងវិស័យអប់រំ។

ក្នុងសប្តាហ៍នេះ លោកស្រី ដាម៉ាច ម៉ាហា នាយិកាថ្មីនៃយូនីសេហ្វប្រចាំកម្ពុជា បានដឹកនាំក្រុមការងារចុះបេសកកម្មទៅកាន់ខេត្តចំនួន៣ រួមមាន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃកម្មវិធីគាំទ្ររបស់យូនីសេហ្វ សម្រាប់កុមារ និងក្រុមគ្រួសារដែលរងផលប៉ះពាល់ពីជម្លោះ។

ក្នុងបេសកកម្មនេះ យូនីសេហ្វបានបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារជីវភាព និងពង្រឹងភាពធន់របស់កុមារ និងគ្រួសារ ជាពិសេសតាមរយៈការគាំទ្រដល់ការអប់រំ និងសុខុមាលភាពរបស់កុមារ។

យូនីសេហ្វក៏បានគាំទ្រការបង្កើត «ថ្នាក់រៀនឌីជីថល» (Digital Classroom) ដើម្បីជួយកុមារដែលបានខកខានការសិក្សា អាចបន្តរៀនសូត្រ និងពង្រឹងចំណេះដឹងរបស់ពួកគេឡើងវិញ។ វិធានការនេះមានសារៈសំខាន់ក្នុងការជួយកាត់បន្ថយផលប៉ះពាល់នៃជម្លោះទៅលើការសិក្សារបស់កុមារ។

ក្រៅពីការអប់រំ យូនីសេហ្វក៏បានជួយសម្រួលដល់គ្រួសារដែលងាយរងគ្រោះ ឱ្យទទួលបានសេវាសុខភាពចាំបាច់ អាហារូបត្ថម្ភ ការគាំទ្រសុខភាពផ្លូវចិត្ត ទឹកស្អាត អនាម័យ និងប្រព័ន្ធគាំពារសង្គម។

យូនីសេហ្វ បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីធានាថា កុមារដែលរងផលប៉ះពាល់ពីជម្លោះ អាចទទួលបានការគាំទ្រដែលពួកគេត្រូវការ ស្តារស្មារតីឡើងវិញ បន្តការសិក្សា និងក្រសោបយកចំណេះដឹងដែលបានខកខាន។

ការប្តេជ្ញានេះមានគោលដៅជួយឱ្យកុមារកម្ពុជាដែលរងផលប៉ះពាល់ អាចវិលត្រឡប់ទៅរកការរៀនសូត្រ និងជីវិតប្រចាំថ្ងៃបានប្រសើរឡើង ព្រមទាំងបន្តដើរទៅមុខដោយក្តីសង្ឃឹម សម្រាប់អនាគតរបស់ពួកគេ៕


Khcct banner

អត្ថបទទាក់ទង