កណ្តាល៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១០កញ្ញានេះ បានប្រគល់ធុងសំរាម ចំនួន ២៣២៨ធុងបន្ថែម សម្រាប់ចែកជូនសាលារៀនទាំង ៧៧៦ នៅទូទាំងខេត្តកណ្តាល ដែលពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅបរិវេណមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក្រោមអធិបតីភាពរបស់ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ទីរបរិស្ថាន និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល លោកគ្រូ-អ្នកគ្រូ និងសិក្សានុសិស្សជាច្រើនរូបផងដែរ។
មានមតិស្វាគមន៍ លោក គ្រុយ ម៉ាឡែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់ផ្តល់ធុងសំរាមជូនរដ្ឋបាលខេត្តកណ្ដាល ដើម្បីរួមចំណែកជំរុញការគ្រប់គ្រងសំរាមនៅតាមសាលារៀន និងក្នុងសហគមន៍។ លោកបានបញ្ជាក់ថា ការបែងចែកនេះ គឺទៅតាមចំនួនសាលាក្នុងក្រុង-ស្រុកនីមួយៗ ដោយសាលានីមួយៗទទួលបានធុងសំរាម ចំនួន ៣ធុង។
លោកបានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តកណ្ដាល បាននិងកំពុងជំរុញការអប់រំ ផ្សព្វផ្សាយចំណេះដឹងបរិស្ថាន និងការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋ សំដៅឱ្យមានការចូលរួមកាន់តែសកម្មក្នុងការថែរក្សាអនាម័យ បរិស្ថាន និងធនធានធម្មជាតិ។ ដោយកន្លងមក ខេត្តកណ្ដាលបានអនុវត្តយុទ្ធនាការបរិស្ថានជាច្រើន ដូចជា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលអនុវត្តបាន ៨,៩៩៦លើក មានអ្នកចូលរួម ៣,២៨៧,៦៣៧នាក់ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បាន ៧,៧៦៦លើក មានអ្នកចូលរួម ២,៨៩៥,០៧៤នាក់ ព្រមទាំងយុទ្ធនាការសម្អាតផ្លូវជាតិ ផ្លូវថ្នល់ និងទីសាធារណៈជាបន្តបន្ទាប់។
ថ្លែងក្នុងពិធីនេះ លោក សាបូ អូហ្សាណូ បានលើកឡើងថា ការគ្រប់គ្រងសំរាម សំណល់រឹង និងការទប់ស្កាត់ការបំពុលបរិស្ថាន គឺជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន បានកំណត់ការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋជាទិសដៅអាទិភាព ដើម្បីផ្លាស់ប្តូរឥរិយាបថ និងទម្លាប់រស់នៅ ឆ្ពោះទៅរក «ការរស់នៅស្អាត បរិស្ថានបៃតង និងអព្យាក្រឹតកាបូន» តាមការគ្រោងទុក ក្រសួងបរិស្ថាននឹងផ្តល់ធុងសំរាមដល់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់ការទុកដាក់ និងញែកសំរាមតាមប្រភេទ ព្រមទាំងជំរុញឱ្យសហគមន៍ចូលរួមក្នុងការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ៕